(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទូទាំងខេត្តកំពង់ឆ្នាំង បានថ្លែងសារអរគុណដល់សន្តិភាព មានសន្តិភាព ទើបមានសមិទ្ធផលនានា ដូចជា ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន វត្តអារាម និងសមិទ្ធផលផ្សេងៗជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងឥស្សរជនឆ្នើមៗជាច្រើនរូបទៀត។
ជាក់ស្ដែង នៅក្នុងខេត្តកំពង់ឆ្នាំង ក៏ទទួលបានសមិទ្ធផលជាច្រើនផងដែរ ទាំងហេដ្ឋារចនាសម្ព័ន្ធ ពិសេសសាលារៀន គិតមកបច្ចុប្បន្ននេះ បានទទួលអំណោយដ៏ថ្លៃថ្លាជាសាលារៀន ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានជិត ២០០ខ្នង ស្មើជាង១ពាន់បន្ទប់ ដែលសាងសង់ស្ទើនៅគ្រប់ទីកន្លែងរហូតដល់ទីជនបទ ដែលបានធ្វើឱ្យវិស័យអប់រំទូរទាំងខេត្ត កើនឡើងកម្រិតខ្ពស់ប្រកបដោយប្រសិទ្ធភាព ព្រោះអត្រាបោះបង់សាលាក៏ត្រូវបានកាត់បន្ថយ។ នេះជាការបញ្ជាក់របស់លោក សឹម ប្រឹមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ដល់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
លោក សឹម ប្រឹម បានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាសាលារៀនពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន បានចំនួន ១៧៣ខ្នង ស្មើនឹង១,១៣៤បន្ទប់ ដោយគិតទាំងសាលាគរុកោសល្យ វិទ្យាល័យ អនុវិទ្យាល័យ សាលាបឋម និងមតេយ្យសិក្សា នេះមិនទាន់គិតទីលានកីឡា ការជីកស្រះទឹក ការចាក់ដីបំពេញតាមសាលារៀននីមួយៗ រួមទាំងរបងសាលា និងសម្ភារបំពាក់នៅតាមបន្ទប់ថ្នាក់ដូចជាកង្ហារ ម៉ាស៊ីនកុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ ម៉ាស៊ីនភ្លើងតុទូកៅអី។ល។ និង។ល។
លោក សឹម ប្រឹម បានឱ្យដឹងថា ការសាងសង់សាលារៀនគ្រប់ទីកន្លែងតាំងពីក្នុងក្រុងរហូតដល់ទីជនបទ ដែលជាសេវាអប់រំនេះ គឺមានសារៈប្រយោជន៍ធំធេងណាស់ ដោយបានធ្វើឱ្យអត្រាបោះបង់សាលារៀន អវត្តមានរបស់សិស្ស និងអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយ និងប្តូរត្រឡប់មកវិញ គឺគុណភាពអប់រំបានកើនឡើងកំរិតខ្ពស់ ដែលបានធ្វើឱ្យអត្រាកំណើនសិស្សឡើងថ្នាក់បានកើនឡើងជារៀងរាល់ឆ្នាំ។
ដោយហេតុនេះហើយ ក្នុងនាមលោកជាប្រធានមន្ទីរអប់រំ ជួសមុខឱ្យបុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ មាតាបិតា និងអាណាព្យាបាលសិស្ស សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដោយសូមប្រសិទ្ធិពរជ័យ ជូនសម្តេចទាំងទ្វេ សូមសម្តេចមានជន្មាយុយឺនយូរ សុខ ភាពបរិបូរណ៍ កម្លាំងមាំមួន ដើម្បីដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចំរើនរុងរឿងជាបន្តទៀត។
ដោយឡែកលោក នូរ សីហា ជានាយកវិទ្យាល័យតេជោហ៊ុនសែន ទឹកហូត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ថា នៅក្នុងវិទ្យាល័យនេះមានផ្ទៃដីសរុបចំនួន ៥ហិកតា គឺមានទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដំបូងឡើយទីនេះ ជាសាលាបឋមសិក្សា និងអនុវិទ្យាល័យ ដែលសាលាអនុវិទ្យាល័យ គឺសាងសង់អំពីឈើចាស់ៗ ជញ្ជាំងបាំងស្លឹក ដែលបានសុំសាលាបុណ្យពីព្រះសង្សយកមកសង់ជារោងដោល បានចំនួន១ខ្នង មាន២បន្ទប់ គ្រាន់ឱ្យសិស្សអង្គុយរៀន បន្ទាប់មកក៏បានអាគារថ្មថ្មីសម្រាប់សិស្សអនុវិទ្យាល័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
លោកបានបន្តថា កន្លងមកនៅពេលដែលសិស្សបានរៀនចប់អនុវិទ្យាល័យ ត្រូវបន្តទៅរៀននៅវិទ្យាល័យដែលវិទ្យាល័យ គឺវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ដែលមានចម្ងាយ៧គីឡូម៉ែត្រ ពីសាលាអនុវិទ្យាល័យទឹកហូត គឺត្រូវធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ដូច្នេះសិស្សត្រូវជួបអានិភ័យខ្ពស់ក្នុងការធ្វើដំណើរទៅរៀននៅវិទ្យាល័យ។ ដោយមើលឃើញពីកំណើនសិស្សកើនឡើងជាលំដាប់ និងម្យ៉ាងសិស្សត្រូវជួបហានិភ័យខ្ពស់ក្នុងការធ្វើដំណើរទៅរៀននៅវិទ្យាល័យដែលនៅឆ្ងាយផងនោះ ទើបលោកគ្រូ អ្នកគ្រូ បានមូលមតិគ្នា ធ្វើសំណើដាក់ជូនទៅលោកប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុករលារប្អៀរ និងដោយមានការអនុញ្ញាតពីលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង ក៏បានធ្វើសំណើដាក់ជូនសម្ដេចតេជោ ហ៊ុន សែន ដើម្បីស្នើសុំបង្កើតវិទ្យាល័យនៅក្នុងឃុំទឹកហូត។
លោក នូរ សីហា បានបញ្ជាក់ថា ក្រោយដាក់សំណុំភ្លាមសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់ជូនតាមសំណើរ ដោយផ្ដល់ជូននូវអគារសិក្សា វិទ្យាល័យមួយខ្នង ដែលមាន៣ជាន់ និងមាន១៨បន្ទប់ ដើម្បីបង្កការងាយស្រួលដល់សិស្សវិទ្យាល័យ ដោយមិនចាំបាច់ធ្វើដំណើរទៅរៀនឆ្ងាយ។ ម្យ៉ាងបានកាត់បន្ថយនូវពេលវេលា ក៏ដូចជាកាត់បន្ថយនូវហានិភ័យដល់សិស្សានុសិស្សក្នុងការធ្វើដំណើរទៅរៀនផ្លូវឆ្ងាយ ក្នុងនោះសម្ដេចក៏បានផ្ដល់ជូននូវទីចាត់ការមួយខ្នងដែលមាន ៣បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស និងលោកគ្រូអ្នកគ្រូមួយខ្នងកម្ពស់ពីរជាន់មាន ២០បន្ទប់ មានបន្ទប់ទឹក មានកង្ហារ មានភ្លើងអគ្គិសនី និងចង្ក្រានបាយផងដែរ៕