(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ទទួលបានអំណោយជាម៉ាស់ ម៉ាស៉ីនសម្លាប់មេរោគនៅលើឯកសារ និងទឹកអាល់កុល ព្រមទាំងសម្ភារប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ ជាច្រើនផ្សេងទៀតផងដែរ។
អំណោយទាំងអស់នេះ ជាការផ្ដល់ជូនពីលោក Tani Shunji នាយកក្រុមហ៊ុន អចលនទ្រព្យ Tanichu Assment Co.,Ltd. តាមរយៈលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ក្នុងនោះ លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត និងលោកស្រី ហួម ពិសី អាជីវករលក់គ្រឿងអលង្ការជប៉ុន បានឧបត្ថម្ភនូវអំណោយផ្ទាល់ខ្លួន ជាម៉ាស់ ចំនួន១ម៉ឺនម៉ាស់ និងលុយ១,២០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សរុបសម្ភារដែលឧបត្ថម្ភជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាឱកាសនេះ មានម៉ាសចំនួន២៥,០០០ម៉ាស, អាល់កុល៥០កាន ស្មើនឹង១,៥០០លីត្រ និងម៉ាស៉ីនសម្លាប់មេរោគលើឯកសារ ចំនួន១០គ្រឿង។
ថ្លែងក្នុងឱកាសនោះ លោក Tani Shunji បានកោតសរសើរដល់កងកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ដែលបានរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់បានយ៉ាងល្អប្រសើរ ដែលបង្កលក្ខណៈឲ្យវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជាបានដោយគ្មានក្ដីព្រួយបារម្ភ និងមានទំនុកចិត្ត។
លោក Tani Shunji បានអះអាងទៀតថា ដោយសារតែពិភពលោក ក៏ដូចជាប្រទេសកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ-១៩ ធ្វើឲ្យអ្នកវិនិយោគិនមិនសូវមកបណ្ដាក់ទុននោះទេ ប៉ុន្ដែលោកជឿជាក់ថា នៅពេលវិបត្តិនេះត្រូវបានបិទបញ្ចប់ វិនិយោគិនបរទេស ពិសេសវិនិយោគិនជប៉ុន នឹងមកប្រទេសកម្ពុជាកាន់តែច្រើនជាក់ជាមិនខាន។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ស ថេត បានគូសបញ្ជាក់ថា បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ អាចរក្សាបានយ៉ាងល្អប្រសើរ ក៏ដោយសារមានការណែនាំ និងអនុវត្តតាមអនុសាសន៍យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ចំពោះអំណោយនៅថ្ងៃនេះ លោកឧត្តមសេនីយ៍ឯក ស ថេត ជំនួសមុខឲ្យកងកម្លាំងទាំងអស់នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយទាំងអស់ ហើយលោកអះអាងថា សម្ភារនេះនឹងយកទៅប្រគល់ជូនមន្ដ្រីនគរបាលទាំងអស់ ដើម្បីប្រើប្រាស់ការពារខ្លួនពីជំងឺកូវីដ-១៩ ហើយខ្លះទៀត នឹងចែកជូនដល់ប្រជាពលរដ្ឋតាមមូលដ្ឋានផងដែរ៕