(រតនគិរី)៖ ក្នុងជំនួបប្រជុំទ្វេភាគី រវាងអាជ្ញាធរខេត្តរតនគិរី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកអភិបាលខេត្ត ថង សាវុន និងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយលោកបណ្ឌិត ណាម វីញ៉ាកេត អភិបាលខេត្តអត្តពឺ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ អាជ្ញាធរនៃខេត្តទាំងពីរ បានប្តេជ្ញាបន្តពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំប្រទល់ប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហារួមគ្នា សំដៅរួមចំណែកឲ្យកាន់តែប្រសើរឡើង ក្នុងការអនុវត្តឲ្យចេញជារូបរាងនូវរាល់លទ្ធផល នៃកិច្ចសហប្រតិបត្តការទ្វេរភាគី ដែលបានឯកភាពគ្នាឲ្យមានប្រសិទ្ធភាព ។
អាជ្ញាធរនៃខេត្តទាំងពីរក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន ការដាំដុះ ការផលិត ដឹកជញ្ជូន ជួញដូរ រក្សាទុក ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន រួមនិងបទល្មើសផ្សេងៗទៀត ដោយភាគីទាំងពីរត្រូវផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកជាបន្ទាន់ សំដៅសហការទប់ស្កាត់ បង្ក្រាប និងដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
លោក ថង សាវុន អភិបាលខេត្តរតនគិរីបានថ្លែងថា ពីមួយអាណត្តិទៅមួយអាណត្តិ រដ្ឋបាលខេត្តរតនគិរី បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព ដោយមានការជួបប្រជុំ និងការផ្លាស់ប្តូរគំនិតយោបល់ពីគ្នាទៅវិញទៅមក ក្នុងគោលដៅពង្រឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម សំដៅរក្សាបាននូវស្ថិរភាព ភាពស្និតស្នាល ពង្រឹងសាមគ្គីភាព មិត្តភាពឲ្យកាន់តែរឹងមាំយូរអង្វែងជានិរន្តន៍ ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រែក្លាយខេត្តដាច់ស្រយ៉ាលមួយនេះ ឲ្យក្លាយជាខេត្តមួយដ៏ស៊ីវីល័យ កម្រិតជីវភាពប្រជាពលរដ្ឋកើនឡើងជារៀងរាល់ឆ្នាំ និងជាគោលដៅសេដ្ឋកិច្ចដ៏មានសក្តានុពលបំផុតនាពេលអនាគតទាំងក្នុងតំបន់ និងអន្តរជាតិ៕