(កំពត)៖ ស្នងការនគបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បានព្រមានចាត់វិធានការយ៉ាងមឺុងម៉ាត់ ចំពោះមន្រ្តីនគរបាលរបស់ខ្លួន ដែលប្រើតួនាទីទៅគៀបយកលុយពីប្រជាពលរដ្ឋ លើសពីអ្វីដែលច្បាប់បានកំណត់ ជាពិសេសនោះ លោកសំដៅទៅលើមន្រ្តីនគរបាលចរាចរ នៅតាមគោលដៅនានា។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០១៦នេះថា «ជំរាបជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅក្នុងខេត្តកំពត ពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោគថ្មីរៀងរាល់ថ្ងៃនេះ ប្រសិនបើមន្ត្រីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងមន្ត្រីរបស់អធិការដ្ឋាននគរបាលទាំង៨ស្រុក-ក្រុង ធ្វើអ្វីមួយលើសពីច្បាប់កំណត់ សូមយកឈ្មោះ និងអត្តលេខរបស់គាត់ ខ្ញុំស្នងការខេត្តកំពត នឹងដោះស្រាយជូន។ ខ្ញុំមិនអនុញ្ញាតឲ្យពួកគាត់យកវេទិការនេះមកធ្វើជាខែល ដើម្បីបំរើដល់ប្រយោជន៍ផ្ទាល់ខ្លួនឡើយ»។
សូមបញ្ជាក់ថា ក្រោយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានរឹតបន្តឹងនោះ កម្លាំងនគរបាលចរាចរទូទាំងប្រទេស បាននិងកំពុងអនុវត្តយ៉ាងមឺុងម៉ាត់ តាមរយ:ការចុះដាក់គោលដៅចាប់អ្នកបើករថយន្ត និងអ្នកបើកម៉ូតូអត់គោរពច្បាប់ ហើយមានការចេញវិក័យប័ត្រជូនទៀតផង ដោយការបង់ផាកពិន័យ គឺមានច្រើនជាងពីពេលកន្លងទៅ ៕