(បន្ទាយមានជ័យ)៖ ឧបាសិកា ណា អ៊ុង អាយុ ៨៦ឆ្នាំ បានផ្តល់អំណោយជាអង្ករចំនួន១តោន និងថវិកា១លាន៤ម៉ឺនរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ការទទួលជំនួយខាងលើដឹកនាំដោយលោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខា ដែលបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងឱកាសនេះដែរ លោក លី សារី បានគូសបញ្ជាក់ថា សមេ្តចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលរយៈកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ គ្រប់ទីច្រកល្ហកទូទាំងប្រទេស ដែលនេះជាសក្ខីភាពជាក់ស្តែងបញ្ជក់នូវកាយវិការ យកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋកំពុងជួបលំបាក មិនថានៅទីណាកន្លែងណា ពុំមានការបែងចែករើងអើង និន្នាការនយោបាយអ្វីឡើយ។
លោក លី សារី បានសម្តែងក្តីត្រេកអរគ្មានអ្វីមកប្រៀបបាន ដែលឧបាសិកាខាងលើ មានសណ្តានចិត្តជ្រេះថ្លា បរិច្ចាគធនធានផ្ទាល់ខ្លួន និងកៀរគរពីសាច់ញាត្តិ ឲ្យចូលរួមបរិច្ចាគផងដែរ។
សូមបញ្ជាក់ថា ឧបាសិកា ណា អ៊ុង អាយុ ៨៦ឆ្នាំ តែងតែបានផ្តល់អំណោយ និងថវិកាជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ជាច្រើនដងមកហើយដែរ៕