(កំពត)៖ លោកវរសេនីយ៍ឯក សែម សឿន មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា លោកបានទៅរំលោភដីរបស់ប្រជាពលរដ្ឋ នៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
សេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោកវរសេនីយ៍ឯក សែម សឿន បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០០៨ លោកបានទិញដីមួយកន្លែងទំហំជាង១០ហិចតា ពីប្រជាពលរដ្ឋនៅភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ បានថែរក្សាកាន់កាប់ កាប់ឆ្ការ ជីកព្រំ និងដាំដំណាំជាច្រើនឆ្នាំ ពុំមានជនណាមកអះអាងថា ជាដីរបស់ខ្លួនទេ លុះដល់ឆ្នាំ២០១៤ លោកបានលក់ដីទៅឲ្យឈ្មោះ ឃួន សាមិត្ត រស់នៅខេត្តកណ្ដាល។
លុះមកដល់បច្ចុប្បន្ននេះ ស្រាប់តែមានឈ្មោះ កែវ មុន្នីវណ្ណ បានចោទប្រកាន់លោកថា បានទៅរំលោភយកដីគាត់ និងកាប់បំផ្លាញដំណាំ ព្រមទាំងបានដាក់ពាក្យប្ដឹងទៅរដ្ឋបាលសាលាខេត្តកំពត តែរដ្ឋបាលខេត្តកំពត មិនបានកោះហៅលោកទៅសួរនាំនោះទេ។ ចំពោះការចោទប្រកាន់នេះ លោក សែម សឿន បានបដិសេធ និងច្រានចោលទាំងស្រុង៕
ខាងក្រោមនេះ ជាលិខិតបំភ្លឺរបស់លោកវរសេនីយ៍ឯក សែម សឿន៖