(ភ្នំពេញ)៖ ការផ្តល់ជាយោបល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលងដោយសារវិបត្តិកូវីដ១៩ នាំឱ្យមានទស្សនៈ និងការយល់ឃើញខុសៗគ្នា។ តែទស្សនៈគាំទ្រហាក់មានចំនួនច្រើន ខណៈសិស្សខ្លះនៅតែចង់បង្ហាញសមត្ថភាពរបស់ពួកគេ។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ឱ្យជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយមិនបាច់ប្រលង។ សម្តេចតេជោ បានផ្តល់យោបល់បែបនេះ ដោយសារតែសម្តេចមិនអនុញ្ញាតឱ្យមានការប្រលង ព្រោះបារម្ភខ្លាចការរីករាតត្បាតជំងឺកូវីដ១៩។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាមេដឹកនាំជោគវាសនាជាតិទាំងមូល សម្តេចបានលើកឡើងថា សម្តេចមិនអាចគិតតែលើការងារប្រលងមួយមុខ ហើយនាំហានិភ័យផ្នែកសុខភាពសម្រាប់បេក្ខជនប្រឡង និងសង្គមទាំងមូលនោះឡើយ។
បើទោះបីសម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់បែបនេះក្តី តែរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ គេមិនទាន់ឃើញមានការប្រកាសសម្រេចជាផ្លូវការណាមួយពីខាងក្រសួងអប់រំ យុវជន និងកីឡានៅឡើយនោះទេ។
ទោះបីមិនទាន់មានការសម្រេចជាផ្លូវការយ៉ាងណាក៏ដោយចុះ។ ក៏ប៉ុន្តែមានទស្សនៈជាច្រើនរវាងគ្រូបង្រៀន អាណាព្យាបាល និងសិស្សជាបេក្ខត្រូវប្រលង បានលើកឡើង ដោយអ្នកខ្លះគាំទ្រ តែក៏មានបេក្ខជនមួយចំនួនចង់មានឱកាសប្រលង ដើម្បីបង្ហាញសមត្ថភាពរបស់គេ។
លោក ហេង វ៉ាន់ដា សាកលវិទ្យាធិការវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានបង្ហាញការសាទរចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ហេង វ៉ាន់ដា បានហៅចាត់ទុកការសម្រេចរបស់សម្តេចតេជោ ជារឿងដ៏ប្រសើរ ដើម្បីបញ្ចៀសហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩។
សម្រាប់លោក ហេង វ៉ាន់ដា ការសម្រេចនេះ ក៏ជួយសម្រួលដល់ការរៀបចំផែនការសម្រាប់ការអប់រំនៅថ្នាក់ឧត្តមសិក្សាផងដែរ។ បើតាមលោក ហេង វ៉ាន់ដា គ្រឹះស្ថានឧត្តមសិក្សា បានរង់ចាំការប្រលងរបស់សិស្សថ្នាក់ទី១២ ដើម្បីរៀបចំផែនការសម្រាប់ការអប់រំឆ្នាំសិក្សាថ្មី តែបើការប្រលងរបស់សិស្សត្រូវអូសបន្លាយទៀត នឹងបង្កការប៉ះពាល់ដល់ផែនការអប់រំនៅថ្នាក់ឧត្តមសិក្សាផងដែរ។
ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សារូបនេះ បានអះអាងប្រាប់ Fresh News យ៉ាងដូច្នេះ «ចំណុចនេះសមាគមគ្រឹះស្ថានឧត្តមសិក្សាគាំទ្រទាំងស្រុងឥតងាករេ។ យើងគាំទ្រដល់បាក់ឌុបជាតិ បាក់ឌុបជាតិ ដែលជាគោលនយោបាយអប់រំរបស់ជាតិ គឺអស់ថ្លៃតិច ប៉ុន្តែបានផលល្អ។ យើងគាំទ្រ ហើយឱ្យមានបន្តទៅទៀត ប៉ុន្តែក្នុងសម័យកូវីដនេះ គួរតែលើកលែងបញ្ហាហ្នឹង ការប្រលងចូលទៅកន្លែងអង្គុយសិស្សក៏ភ័យ គ្រូក៏ភ័យ ទីកន្លែងក៏ភ័យ តើតម្លៃនៃការប្រលងវាបានដល់កម្រិតណាទៅ? ចុះបើប្រលងទៅមានការផ្ទុះកូវីដ១៩ទៅ នោះជាបន្ទុកដ៏ធ្ងន់ធ្ងររបស់រាជរដ្ឋាភិបាល»។
លោក វ៉ាន់ដា បន្តថា «បើបាក់ឌុបប្រលងមិនកើត លើកពេលហើយ លើកពេលទៀត វាក៏ជាបញ្ហាដល់ឧត្តមសិក្សាដែរ។ ឧត្តមសិក្សារង់ចាំតែបាក់ឌុបជាតិប៉ុណ្ណោះ បើបាក់ឌុបជាតិមិនមានលទ្ធផល គ្រឹះស្ថានឧត្តមសិក្សាមិនមានយុទ្ធសាស្ត្រអីបានទេ ព្រោះផែនការយុទ្ធសាស្ត្រចេញពីចំណុចហ្នឹងតែម្តង»។
លោក ស៊ុយ សុផារីស គ្រូបង្រៀនគណិតវិទ្យានៅវិទ្យាល័យព្រែកលួង ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏បានសាទរចំពោះការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ សម្រាប់លោក សុផារីស ការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបិរបទសង្គមបែបនេះ គឺជារឿងមួយដ៏ត្រឹមត្រូវ ដើម្បីធានារក្សាបានស្ថេរភាពសង្គម និងសុខភាពរបស់សិស្ស ក៏ដូចប្រជាពលរដ្ឋទាំងមូល។
លោក សុផារីស បានលើកឡើងថា «ការប្រលងរយៈពេលពីរថ្ងៃនេះ គ្រាន់តែពេលវេលាមួយក្នុងការវាស់ស្ទូងសមត្ថភាពរបស់សិស្ស។ តែសិស្សបច្ចុប្បន្ន គឺគាត់បានប្រឹងប្រែងសិក្សារៀនសូត្រឃើញថា សមត្ថភាពក៏មិនអន់នោះឡើយ»។
តែទោះជាយ៉ាងណា លោកគ្រូគណិតវិទ្យារូបនេះ ចង់ត្រឹមឱ្យលើកលែងការប្រលងតែក្នុងឆ្នាំនេះប៉ុណ្ណោះ។ បើមានការលើកការប្រលងឆ្នាំបន្តបន្ទាប់ទៀត សិស្សអាចនឹងទម្លាក់ចោលការប្រឹងប្រែងសិក្សារៀនសូត្រ។
លោក ឡាយ ប៉ូ គ្រូបង្រៀនម្នាក់នៅខេត្តព្រះសីហនុ បានយល់ឃើញថា កាលៈទេសៈនេះការសម្រេចចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន គឺពិតជាត្រឹមត្រូវ ហើយលោកជឿជាក់ថា មុននឹងសម្ដេចសម្រេចចិត្តបែបនេះ ច្បាស់ណាស់ពិតជាបានពិចារណាយ៉ាងល្អិតល្អន់។ ដូច្នេះហើយនេះជាការសម្រេចចិត្តមួយដ៏ល្អក្នុងនាមជាប្រមុខដឹកនាំប្រទេស។
លោកគ្រូបានបញ្ជាក់យ៉ាងដូច្នេះថា «កាលៈទេសៈនេះ ការសម្រេចចិត្តរបស់សម្ដេចពិតជាត្រឹមត្រូវណាស់។ ខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំប្រទេសយើង ពិចារណាល្អិតល្អន់ណាស់ មុនសម្រេចអ្វីមួយ។ យើងជាកូនចៅ ត្រូវតែអនុវត្តតាមគាត់ទើបប្រសើរ»។
មិនខុសគ្នាប៉ុន្មានម្ចាស់គណនី Facebook ឈ្មោះ Champei Krohorm ដែលមានកូន២នាក់ត្រៀមនឹងប្រឡងបាក់ឌុបដែរនោះ ក៏បានសម្ដែងការសាទរចំពោះការសម្រេចរបស់សម្ដេចតេជោផងដែរ។ លោកស្រី បានយល់ឃើញថា ការមិនប្រលងធ្វើឱ្យលោកស្រីមិនបាច់ព្រួយបារម្ភពីសុវត្ថិភាពរបស់កូននៅពេលទៅប្រលង។
«ខ្ញុំមានកូនប្រឡងពីរនាក់ដែរ ជាអាណាព្យាបាលខ្ញុំត្រេកអរណាស់ ហើយសូមអរគុណជាអនេក ដោយមិនបាច់ភ័យរឿងកូវីដ និងស្ថានភាពវិលវល់»។ នេះជាការបញ្ជាក់របស់ស្ត្រីអាណាព្យាបាលដែលមាន Facebook «មោះ Champei Krohorm»។
Facebook មួយទៀតឈ្មោះ «ម៉ា ច័ន្ទសំណាង» ក៏បានលើកឡើដែរថា ស្ថានការណ៍កម្ពុជាពេលនេះ មិនអំណោយផលនោះទេ ប្រសិនបើរៀបចំការប្រឡង។ ម្ចាស់គណនី Facebook «ម៉ា ច័ន្ទសំណាង» បានបន្តថា បើរៀបចំការប្រលងស្រាប់តែផ្ទុះចេញជំងឺកូវីដ១៩ ច្បាស់ជាមានការស្តីបន្ទោសរាជរដ្ឋាភិបាលគ្រប់គ្រងមិនបានល្អ។
«ម៉ា ច័ន្ទសំណាង» បានសរសេរយ៉ាងដូច្នេះថា «សំខាន់ដោយស្ថានការណ៍មិនអំណោយផលទេ បើឲ្យមានការប្រឡងករណីផ្ទុះកូវីដ-១៩ ក្នុងការប្រឡងច្បាស់ជាបន្ទោសរាជរដ្ឋាភិបាលអ៊ីចេះអ៊ីចុះហើយ»។
បើទោះបីថាមានមតិច្រើនសាទរយ៉ាងណាក្តី ក៏មានមតិខ្លះសម្តែងក្តីព្រួយបារម្ភខ្លាចការអនុគ្រោះមិនឱ្យមានការប្រលងនេះ នាំឱ្យប៉ះពាល់ដល់គុណភាពអប់រំ ព្រោះសិស្សខ្លះនឹងបោះបង់ការខិតខំប្រឹងប្រែងរៀនសូត្រ។
គណនីឈ្មោះ «Chheng Sophy» បានលើកឡើងយ៉ាងដូច្នេះថា «គួរតែរកពេលឲ្យសិស្សប្រលងទៅ ព្រោះសិស្សខ្លះខំប្រឹងប្រែងរៀន និងសិស្សខ្លះទៀតមិនខំរៀនទេគិតតែដើររលេង អាណិតគ្នាអ្នកខំប្រឹងរៀន»។
គណនី ឈ្មោះ «Devid KPS» បានបញ្ចេញមតិថា «ចំពោះខ្ញុំ ខ្ញុំគិតថាពិភពលោកដើរថយក្រោយ៥ឆ្នាំ ដោយសារ Covid19។ សិស្សទី១២ ដើរថយក្រោយ១ឆ្នាំ (ចំពោះអ្នកប្រលងធ្លាក់) ជាការល្អ ព្រោះបើឲ្យជាប់ដោយគ្មានគុណភាព ពេលបន្តជាប់មហាវិទ្យាល័យ ក៏គ្មានគុណភាពដែរ (ភាគច្រើន)។ ពិបាករកការងារធ្វើ ឬគេអាចមិនឲ្យតម្លៃពេលសម្ភាសន៍ការងារ គេថាអ្នកនេះ ឬអ្នកនោះជាប់សម័យ Covid គ្មានគុណភាព»។
គួរជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ នេះបើតាមការឲ្យដឹងពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។
លោក រស់ សុវាចា បានបញ្ជាក់ទៀតថា ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។ ដោយឡែក ចំនួនមណ្ឌលវិញ មាន២១០មណ្ឌល (កើន៨មណ្ឌល) និងចំនួនបន្ទប់ ៤,៨៨៧បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ដ្រ មាន៧០មណ្ឌល ១,៦៥៤បន្ទប់ និងថ្នាក់វិទ្យាសស្ដ្រសង្គម មាន១៤០មណ្ឌល ៣,២៣៣បន្ទប់៕
លោក ហេង វ៉ាន់ដា សាកលវិទ្យាធិការវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា