(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកច្រានចោលព័ត៌មានមួយដែលមានខ្លឹមសារថា «កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ប៉ុន្តែមិនមែនជាផលិតផលចិន»។
ការចេញមកច្រានចោលព័ត៌មាននេះរបស់លោកស្រី ឱ វណ្ណឌីន ដោយសារព័ត៌មាននោះ សរសេរអត្ថបទព័ត៌មានខុសនឹងប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ក្រសួងសុខាភិបាល បានចាត់ទុកថា អត្ថបទនោះធ្វើឲ្យមានការយល់ច្រឡំ និងបានស្នើឲ្យម្ចាស់អត្ថបទខាងលើ ធ្វើការកែតម្រូវជាបន្ទាន់ផងដែរ។
លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា កម្ពុជាបានបញ្ជាទិញវ៉ាក់សាំងទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួន ១លានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា (ប្រសិនបើគ្មានការប្រែប្រួលទេនោះ) នឹងអាចទទូលបាន ២០% នៃចំនួនប្រជាជនកម្ពុជាសរុប (ដែលនឹងអាចទទួលបានជាបឋមក្នុងចំនួន ០៣% នៃ ២០% នៃចំនួនប្រជាជនកម្ពុជាសរុប ជាដំណាក់កាលៗ)។ លោកស្រីបន្តថា វ៉ាក់សាំងដែលកម្ពុជានឹងទទួលបាន តម្រូវឲ្យមានការវាយតម្លៃគុណភាព និងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ ធ្វើការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ ដោយអាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់នឹងទទួលបានវ៉ាក់សាំងកូវីដ១៩ នៅពេលណាដែរ ហើយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរមុននឹងធ្វើការបែងចែក។
ដូច្នេះប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់ តាមការឯកភាពគ្នាជាមុននោះ ហើយអង្គការសុខភាពពិភលោក ក៏បានវាយតម្លៃប្រសិទ្ធិភាព និងគុណភាពរួចរាល់ជាមុនដែរនោះៗ សមភាពនៃការបែងចែកនឹងត្រូវបានធ្វើទៅតាមសភាពជាក់ស្តែង នៃចំនួនវ៉ាក់សាំងដែលទទួលបាន ដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេស ដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។
ទន្ទឹមនឹងការច្រានចោលព័ត៌មាននោះ លោកស្រី ឱ វណ្ណឌីន សំណូមពរកុំឲ្យមានការពន្យល់ ឬបកស្រាយណាមួយដែលផ្ទុយទៅនឹងគោលការណ៍ ដែលកម្ពុជាបានប្រកាន់យក ជាពិសេសកុំលើកយកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន មកបកស្រាយខុសដូច្នេះអីណា។ លោកស្រីថា បើសិនបណ្តាញព័ត៌មានណា ចង់ផ្សាយប្រសាសន៍សម្តេចតេជោនាយរដ្ឋមន្ត្រី សូមលើកយកចំណុចណាមួយទាំងស្រុងតែម្តង ចៀសវាងការសរសេរខុស បកស្រាយខុស ឬការភ័ន្តច្រឡំណាមួយដែលអាចកើតមាន។
«ខ្ញុំស្នើសុំឲ្យមានការកែតម្រូវជាបន្ទាន់លើបញ្ហានេះ ចៀសវាងការភ័ន្តច្រឡំ ឬការបង្កឲ្យមានបញ្ហា ណាមួយលើកិច្ចសហប្រតិបត្តិការទ្វេភាគី ឬពហុភាគីជាមួយបណ្តាប្រទេសជាមិត្ត»។ នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាល។
ក្នុង ឱកាសថ្លែងសារពិសេស នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។ សម្តេចតេជោ ក៏បានថ្លែងសុំការយោគយល់ពីប្រទេសផលិតវ៉ាក់សាំងផងដែរ ចំពោះការបញ្ជាក់ជំហររបស់សម្តេច។ សម្តេចបានបន្តថា មកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។
គួររំលឹកដែរថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ Facebook បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាជនប្រមាណ ៥០ម៉ឺននាក់ ដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស៕