(កំពត)៖ កម្លាំងនគរបាលស្រុកឈូក សម្រេចឃាត់ខ្លួនបណ្តោះអាសន្ន បុរសជនជាតិឥណ្ឌា ដែលបើករថយន្តបុកម៉ូតូរងគ្រោះបណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅម៉ោងជិត១រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលស្រុកឈូក បានប្រាប់អង្គភាព Fresh Newsថា អ្នកបើករថយន្តបង្ក ជាបុរសជនជាតិឥណ្ឌា ឈ្មោះ អាមី ហ្គន់ឌី អាយុ៤១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន VE កម្ពុជាចំកាត់។ បើករថយន្តម៉ាក HADAY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-1127។ ចំណែកខាងជនរងគ្រោះ អ្នកបើកបរម៉ូតូ ឈ្មោះ ស៊ុន ណី ភេទស្រី អាយុ៤៦ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ មានទីលំនៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ដោយឡែកអ្នករួមដំណើរដែលជិះពីក្រោយម៉ូតូ ឈ្មោះ ស រុន ភេទប្រុស អាយុ៥៨ឆ្នាំ (របួសធ្ងន់) រស់នៅភូមិទ្វារ ឃុំជ្រេស ស្រុកជុំគីរី ខេត្តកំពត។ អ្នកទាំង២ ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ សេរី២០០៧។
មន្ត្រីនគរបាលដដែលបន្តថា រថយន្តបង្កបើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូរងគ្រោះពីក្រោយពេញទំហឹង ខណៈរត់ស្របទiសគ្នានោះ បណ្តាលឲ្យស្ត្រីជាអ្នកបើកបរម៉ូតូ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯបុរសអង្គុយពីក្រោយរងរបួសធ្ងន់ ក្រោយហេតុការណ៍ភ្លាម ត្រូវគេដឹកនាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកឈូក។
បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលនាំយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលស្រុកឈូក ដើម្បីចាត់ការតាមផ្លូវច្បាប់៕