(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា បន្ទាប់ពីភាគីកម្ពុជា បានធ្វើដាក់សំណើរស្នើសុំទៅមិត្តចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វគោ/ក្របី ដែលប្រទេសកម្ពុជាកំពុងប្រឈមនោះ, ភាគីមិត្តចិន បានសម្រេចផ្តល់នូវវ៉ាក់សាំងការពារជំងឺក្តាមគោ/ក្របី ចំនួន២០ម៉ឺនដូស (Doses) ដល់កម្ពុជា ។
បើតាមលោករដ្ឋមន្ត្រីក្រៅពីផ្តល់ជូន វ៉ាក់សាំងការពារជំងឺអុតក្តាមហើយនោះ មិត្តចិនក៏ផ្តល់ជូនភាគីកម្ពុជា នូវកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងបង្កើនសមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វផងដែរ។
លោករដ្ឋមន្ត្រីបន្ថែមថា ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទាំងពីរ បាននិងកំពុងធ្វើការសម្របសម្រួលផ្នែកលិខិតបទដ្ឋានគតិយុត្តនានា ធ្វើយ៉ាងណាបង្កើតភាពងាយស្រួល ជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការវិនិយោគ ដើម្បីសិក្សាស្រាវជ្រាវ និងផលិតនៅកម្ពុជានាពេលខាងមុខ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីកសិកម្ម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបាន និងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។ លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាព ក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ៕