(តាកែវ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា តាកែវ គឺជាខេត្តមួយក្នុងចំណោមខេត្តធំៗ ដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវ ជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយ ទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។
លោករដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំ២០២០នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម នៅថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថា តួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហិកតា អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤តោន/ហិកតា ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣តោន លើសឆ្នាំមុនចំនួន ៣៥ ៣៧២តោ។
ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០ ០០០ ហិកតា អនុវត្តបានចំនួន ១០១ ៥១១ហិកតា ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤.៨៩តោន/ហិកតា បរិមាណផលសរុបទចំនួន ៤៩៧ ២០១តោន តិចជាងឆ្នំាមុន ៦ ៦៨៤តោន (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។
លោករដ្ឋមន្ត្រីបន្តថា ចំពោះការនាំចេញ ខេត្តតាកែវ មានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន ៤ ទៅកាន់ប្រទេសជិត ខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន ១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕