លោកឧកញ៉ា សៀង ណាំ ចំណាយ៦ម៉ឺនដុល្លារ សាងសង់មណ្ឌលសុខភាព ជូនប្រជាពលរដ្ឋឃុំក្រឡាញ់ ស្រុកក្រឡាញ់
15-02-2016 21:01
(សៀមរាប)៖ ដើម្បីលើកកំពស់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំក្រឡាញ់ឲ្យកាន់តែល្អប្រសើរ និងមានភាពងាយស្រួលក្នុងការពិនិត្យនិងព្យាបាលជំងឺ លោមឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានសម្រេចបង្កើតមណ្ឌលសុខភាពមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ខេត្តសៀមរាប។
អញ្ជើញត្រួតពិនិត្យផ្ទាល់ក្នុងការឈួសឆាយ ទីតាំងកសាងបរិវេណមណ្ឌលសុខភាពនេះ លោកឧកញ៉ា បានបញ្ជាក់ថា ការសាងសង់មណ្ឌលសុខភាពនេះ គ្រោងនឹងចំណាយថវិកាប្រមាណជាង ៦ម៉ឺនដុល្លារអាមេរិក ក្នុងនោះមានកសាងអគារចំនួន៣ អគារធំ សំរាប់ពិនិត្យ ព្យាបាលជំងឺទូទៅ និងសំរាប់សំរាលកូន១, បន្ទប់សំរាប់ព្យាបាលជំងឺរបេង១, និងបន្ទប់សំរាប់បុគ្គលិកប្រុសស្រី១, ជាមួយនោះក៏មានកសាងរបងព័ទ្ធជុំវិញ បន្ទប់អនាម័យ និងប្រព័ន្ធទឹកស្អាតផងដែរ។
លោកឧកញ៉ា បានឲ្យដឹងទៀតថា ការសាងសង់មណ្ឌលសុខភាពនេះ គ្រោងនឹងសាងសង់ឲ្យរួចរាល់ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១៧។ ប្រភពថវិការដែលនឹងយកមកសាងសង់មណ្ឌលសុខភាពនេះ លោកឧកញ៉ាផ្ទាល់ជាអ្នកទទួលរ៉ាប់រង ជាមួយនឹងការគៀរគរសប្បុរសជននានា ដើម្បីឧបត្ថម្ភការសាងសង់នេះ ជាពិសេសលោក សាលា អង់រីកូ សប្បុរសជនប្រទេសស្វីស ដែលលោកតែងតែ គៀរគររកជំនួយពីសប្បុរសជនស្វីស មកកសាងសមិទ្ធផលនានា ក្នុងប្រទេសកម្ពុជា។
លោកឧកញ៉ា បានឲ្យដឹងទៀតថា មណ្ឌលសុខភាពថ្មីនេះ មានសារៈសំខាន់ណាស់ សំរាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕