(កំពង់ស្ពឺ)៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោកជំនាន់ទី២ ឆ្នាំ២០២០ ចំនួន៨៨នាក់ ដែលបានដំណើរការរៀនអស់រយៈពេល៤៥ថ្ងៃ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ពេជ្រ និល ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក កែន តារា មេបញ្ជាការរងកងទ័ពជើងគោក។
ឧត្តមសេនីយ៍ត្រី ជូន វណ្ណនឿន នាយរងការិយាល័យទី៤ កងទ័ពជើងគោក បានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឹនបំប៉នជំនាញភស្តុភារ កងទ័ពជើងគោក ឆ្នាំ២០២០ បានសិក្សាមានរយៈពេល ៤៥ថ្ងៃ ចាប់បើកពីថ្ងៃទី២ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានកម្មសិក្សាការីចូលរួមរៀនសូត្រសរុបចំនួន ៨៨នាក់ គ្រូយោធាចារ្យចំនួន ០៨នាក់ មកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក។
វគ្គនេះបានសិក្សាលើខ្លឹមសារមេរៀនរួមមាន៖ ជំនាញភស្តុភារ យោធារួម និងអប់រំចិត្តសាស្ត្រ។ ក្រោយបញ្ចប់វគ្គ ក្រោមការត្រួតពិនិត្យវាយតម្លៃរបស់គណៈកម្មការគ្រប់គ្រងវគ្គ គ្រូយោធាចារ្យ គ្រូឧទ្ទេសនាមស្តីពីលទ្ធផលពេលបញ្ចប់វគ្គសិក្ខាកាមរៀនបាន និទ្ទេសល្អ១៣% និទ្ទេសល្អ៤៨% និទ្ទេសល្អបង្គួរ២៥% និងនិទ្ទេសមធ្យម១៤%។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក កែន តារា ជំនួសមុខឱ្យមេបញ្ជាការកងទ័ពជើងគោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះការិយាល័យទី៤ កងទ័ពជើងគោក និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក និងគ្រប់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសហការីទាំងអស់ ដែលបានខិតខំយកអស់ កម្លាំងកាយចិត្ត បំពេញភារកិច្ចខ្លួន រហូតធ្វើឱ្យវគ្គជំនាញនេះបានបញ្ចប់ទទួលបានលទ្ធផលវិជ្ជមានតាមការរំពឹងទុក។
ឧត្តមសេនីយ៍ឯក កែន តារ៉ា បានគូសបញ្ជាក់ថា ជំនាញភស្តុភារដែលបានដំណើរការបិទវគ្គនាពេលនេះពិតជាមានសារៈសំខាន់ សំដៅធានាឱ្យការងារប្រយុទ្ធ និងការងារបម្រើប្រយុទ្ធក៏ដូចជាសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច។
លោកឧត្តមសេនីយ៍ឯក បានបន្ថែមថា វគ្គហ្វឹកហ្វឺននេះក៏បានរួមចំណែកបង្កើនប្រសិទ្ធភាព ក្នុងការលើកកម្ពស់ការដឹកនាំបញ្ជា និងបង្កើនសមត្ថភាព ប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដទាំងការងារគ្រប់គ្រងភស្តុភា និងការលើកកម្ពស់ការដឹកនាំបញ្ជា ការបំពេញភារកិច្ចប្រកបដោយជោគជ័យ និងការទទួលខុសត្រូវខ្ពស់ក្នុងការធានាជីវភាពរស់នៅជូនកងទ័ព ក៏ដូចជាការបង្កើនការដឹកនាំគ្រប់ខ្សែរយៈលើវិស័យការងារភស្តុភារ ដើម្បីឈានទៅសម្រេចភារកិច្ច ចាំបាច់ចំពោះមុខ ក៏ដូចជាដំណើរការកែទម្រង់កងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ឯក កែន តារា ក៏បានផ្តាំផ្ញើដល់សិក្ខាកាមដែលទើបបញ្ចប់វគ្គនាពេលនេះ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងពីការរៀនសូត្រទាំងនេះ ទៅបម្រើអង្គភាពខ្លួន និងបន្តផ្សព្វផ្សាយដល់យោធិនរួមអាជីព បន្តខិតខំស្រាវជ្រាវឯកសារបន្ថែមទៀត និងពង្រីកសកម្មភាពឱ្យមានការីកចម្រើនសំដៅរួមចំណែករួមកសាង និងលើកស្ទួយសេដ្ឋកិច្ចជាតិមានការរីកចម្រើនថែមទៀត។
បន្ថែមពីនពលោកឧត្តមសេនីយ៍ឯក ក៏បានក្រើនរំលឹកដល់ពលទាហាន និងនាយទាហានត្រូវបន្តពង្រឹងជំហរស្មោះត្រង់ដាច់ខាតការពារ ជាតិ សាសនា ព្រះមហាក្សត្រ បន្តចូលរួមអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់តំណាក់កាល បន្តខិតខំកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ បន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់រាល់បទបញ្ជារបស់ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ខានកងទ័ពជើងគោក បានប្រគល់ជូន និងត្រូវចូលរួមសហការជាមួយអជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីភូមិ ឃុំមានសុវត្ថិភាព ត្រៀមចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ដោយធម្មជាតិផ្សេងៗឱ្យបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ឯក កែន តារា ក៏បានក្រើនរំលឹកដល់សិក្ខាកាម ត្រូវបន្តអនុវត្តន៍វិធាននានារបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ ១៩ ដែលបច្ចុប្បន្នពិភពលោកកំពុងប្រឈមផងដែរ។
នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក កែន តារា ក៏បានប្រគល់លិខិតបញ្ជាក់ការសិក្សា ប័ណ្ណសរសើរ លិខិតសរសើរនិងវិញ្ញាប័នបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាម ជាបន្តបន្ទាប់ផងដែរ៕