(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គលិកក្រុមហ៊ុនឯកជនម្នាក់ ករណីបុគ្គលិករូបនេះ បានប្រព្រឹត្តបទល្មើសរំលោភលើទំនុកចិត្ត យកលុយក្រុមហ៊ុនទៅប្រើប្រាស់ជាង ១ម៉ឺនដុល្លារអាមេរិក។ នេះបើតាមដីកាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

យោងតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យរូបនេះមានមុខរបរបុគ្គលិកក្រុមហ៊ុនឯកជនមួយ ទីកន្លែងកំណើតភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង។ ទីលំនៅមុនពេលឃាត់ខ្លួន នៅម្តុំជិតផ្សារសេរីភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើត្រូវបានដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ រំលោភលើទំនុកចិត្ត តាមមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចសាខាក្រុមហ៊ុនមួយកន្លែង ប្រចាំខេត្តតាកែវ កាលពីអំឡុងខែមេសា ដល់ខែតុលា ឆ្នាំ២០២០៕