(ភ្នំពេញ)៖ ខណៈដែលស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់មានភាពស្រាក់ស្រាននៅឡើយនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ ព្រមទាំងមន្ទីរទេសចរណ៍ទាំង ២៥ រាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់ជាប្រចាំក្នុងការចុះពង្រឹង តាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។
ការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក ថោង ខុន បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំក្រសួង-មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង ២៥ រួមមាន៖
១៖ បន្តពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ នៅទូទាំងរាជធានី-ខេត្តទាំង ២៥ ដើម្បីចូលរួមបង្ការ-ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឧស្សាហកម្មទេសចរណ៍។
២៖ ណែនាំឱ្យផ្នែកជំនាញបង្កើន និងពង្រឹងផលិតផលទេសចរណ៍ ពិសេសទេសចរណ៍ តាមបែបអេកូទេសចរណ៍ សហគមន៍ទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍ ជនបទ ដែលអាចនឹងក្លាយជាផលិតផលទេសចរណ៍ថ្មី ពេញនិយម នៅក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ តែត្រូវអនុវត្តន៏ហ្មឺងហ្មាត់ តាមការណែនាំរបស់ រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល។
៣៖ សិក្សារៀបចំជាបណ្ដើរៗនូវការទាក់ទាញទេសចរអន្តរជាតិជាថ្មី បន្ទាប់ពីពិភពលោកទទួលស្គាល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជាផ្លូវការ ខណៈក្រសួងសុខាភិបាលមានសុទិដ្ឋិនិយមថា អាចនឹងមានវ៉ាក់សាំងទទួលស្គាល់ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២១។
៤៖ ត្រូវជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍តាមប្រពន្ធអនឡាញ ឱ្យបានសកម្ម។
៥៖ ពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមគោលដៅទេសចរណ៍ទូទាំង ២៥ រាជធានី-ខេត្ត ពិសេសមូលដ្ឋានអាជីវកម្មខ្នាតតូច ដែលបច្ចុប្បន្នសង្កេតឃើញថា ភាគច្រើនជាប្រភេទអាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុកខ្នាតតូច និងលក្ខណៈគ្រួសារ។ ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យបង្កើតក្រុមការងារថ្នាក់ក្រសួងបន្ថែម ដើម្បីចុះជួយជំរុញការអនុវត្តនេះដល់មូលដ្ឋានថ្នាក់ក្រុង-ស្រុក ដោយត្រូវចសហការពីរដ្ឋបាលថ្នាក់ក្រុង-ស្រុកក្នុងការអនុវត្តកិច្ចការនេះ ដោយត្រូវអនុវត្តឱ្យបានសកម្មដូចកាលយុទ្ធនាការខែមេសាកន្លងមក។
៦៖ ពង្រឹងការអនុវត្តកិច្ចការ រដ្ឋបាលគ្រប់គ្រងមន្ត្រីរាជការ ដោយបញ្ចូលបែបបទនៃការអនុវត្តគន្លងថ្មី ពោលគឺមន្ត្រីរាជការទាំងអស់ត្រូវ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការពាក់ម៉ាស់ រៀងរាល់ម៉ោងធ្វើការ រក្សាគម្លាតសុវត្ថិភាព ចេញចូលត្រូវវាស់កម្ដៅ និងត្រូវបាញ់អាកុលជានិច្ច ត្រូវឧស្សាហ៍លាងដៃនឹងអាកុល ហើយត្រូវតាមដានអាការៈខ្លួនឯង ប្រសិនបើមានជំងឺផ្ដាំសាយ ត្រូវនៅឱ្យឆ្ងាយពីអ្នកដទៃ ឬក៏មានសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩ ត្រូវទៅរកគ្រូពេទ្យជាបន្ទាន់។
ដោយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលការងារចុះវាយតម្លៃ និងផ្តល់ឡាប៊ែលបញ្ជាក់ ការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទូទាំងប្រទេសទើបសរុបបានចំនួន ១,៤១៦ ទីតាំងប៉ុណ្ណោះ ដែលលោករដ្ឋមន្ត្រីបានដាស់តឿនឱ្យមានការខិតខំទ្វេដង ហើយត្រូវមានការបូកសរុបរៀងរាល់ខែ៕