(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំក្រុមការងារ NACC Team Against Covid-19 ចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ការពារការឆ្លងជំងឺកូវីដ១៩ នៅអគាររដ្ឋបាល និងបរិវេណជុំវិញនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានទីតាំងស្ថិតនៅអគារលេខ១៣៣ វិថីព្រះនរោត្ដម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក ង៉ោ ប៉េងឡុង ប្រធាននាយកដ្ឋាន និងក្នុងនាមបុគ្គលិកទាំងអស់ បានថ្លែងអំណរគុណ ដល់លោក សោម អូន ដែលបានដឹកនាំក្រុមបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារកាឆ្លងកូវីដ១៩ នៅអគាររដ្ឋបាល និងបរិវេណនាយកដ្ឋានបណ្តុះ បណ្តាលនិងវិក្រឹតការ ព្រមទាំងបានឧបត្ថម្ភម៉ាសចំនួន១៥០០ម៉ាស ដើម្បីជួយការពារ សុខមាលភាពបុគ្គលិក ស្របពេលដែលកំពុងតែមានការព្រួយបារម្ភ ចំពោះការរីករាលដាលក្នុងសហគមន៍។
លោក សោម អូន បានឲ្យដឹងថា យោងតាមសំណើរបស់លោកប្រធាននាយកដ្ឋាន លោកបានរៀបចំក្រុម NACC Team Against Covid-19 ចុះធ្វើយុទ្ធនាការ នៅទីតាំងអគាររដ្ឋបាល និងបរិវេណជុំវិញនៃនាយកដ្ឋានខាងលើ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគ ការពារការឆ្លងរាលដាលជងឺកូវីដ១៩ ។
លោក សោម អូន បានបន្តថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កំពុងតែស្ថិតនៅក្នុងស្ថានការណ៍ធូរស្រាល ដែលគ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់បាននៅឡើយ ដែលតម្រូវឲ្យប្រជាជនកម្ពុជាទាំងអស់ បន្តចូលរួមប្រយុទ្ធប្រឆាំងទាំងអស់គ្នា ដោយបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងវិធានការណ៍របស់ក្រសួងសុខាភិបាល៕