(បន្ទាយមានជ័យ)៖ ក្រោយផឹកស៊ីស្រវឹង រហូតផ្ទុះអាវុធក្នុងវង់ផឹកស៊ី កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ទោសិទ្ធ ឡោះ ស្នងការគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ ឱ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកនឹងស្នើសុំទៅថ្នាក់លើដកតួនាទីមន្ត្រីនគរបាលម្នាក់ ខណៈបក្ខពួក២នាក់ទៀត នឹងត្រូវបញ្ឈរជើងចំនួន៣ខែ។
ប្រជាពលរដ្ឋរស់នៅជិតហាងផឹកស៊ី បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនបង្កមានគ្នីគ្នាចំនួន៣នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល។ ពេលផឹកស៊ីស្រវឹងស្រឿងៗ ពួកគេបានទាញកាំភ្លើងបាញ់លេងដើម្បី កម្សាន្តអារម្មណ៍ នៅចន្លោះម៉ោងប្រមាណជា ៥៖៤០នាទី ទៅម៉ោង ៦ល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មន្ត្រីនគរបាល៣រូប ដែលជាប់ព័ន្ធត្រូវបានសុំស្នើទៅថ្នាក់លើដកតួនាទី និងពិន័យរដ្ឋបាលតាមវិន័យរបស់កងកម្លាំងក្នុងនោះជនដៃដល់ អ្នកផ្ទុះអាវុធមានឈ្មោះ ឈឹម អឿត ដែលមានតួនាទីជានាយផ្នែកនៃការិយាល័យ, ឈ្មោះ សៀក ប៊ុនសៀង ចំណែកឈ្មោះ ឧត្តម ឆរ័ត្ន ដែលបានចូលរួមផឹកស៊ី និងបានដកកាំភ្លើងពីខ្មាន់កាំភ្លើងត្រូវបានដាក់ពិន័យ រដ្ឋបាលបញ្ឈរជើងជើង ៣ខែ»។
បើតាមលោកស្នងការ ឈ្មោះ ឧត្តម ឆរ័ត្ន បានស្ថិតក្នុងហេតុការណ៍ផ្ទុះអាវុធនោះ តែឈ្មោះនេះជាបុគ្គលដែលមានឆន្ទះក្នុងការដកអាវុធពីក្រុមជនបង្ក។ តែឈ្មោះ ឧត្តម ឆរ័ត្ននេះ ក៏ត្រូវបានដាក់ពិន័យ៣ខែ ក្នុងនាមជាកងកម្លាំងដែលស្ថិតក្នុងហេតុការណ៍នោះដោយមិនឱ្យរួចខ្លួនឡើយ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តទៀតថា ការដាក់ពិន័យ និងដកតួនាទីលើមន្ត្រីនគរបាលខាងលើធ្វើឡើង ដើម្បីព្រមានដល់មន្ត្រីនគរបាលឯទៀតកុំឱ្យប្រព្រឹត្តខុសតទៀត៕