(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំ ពិភាក្សាលើកគម្រោងការស្ដារប្រឡាយដោះទឹក និងកសាងផ្លូវ នៅឃុំត្រពាំងធំ ស្រុកទឹកឈូ។ កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តកំពត ដោយចូលរួម ពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។
គម្រោងខាងលើ គឺការស្ដារប្រឡាយដោះទឹកជំនន់ ចេញពីក្រុងកំពត និងការកសាងផ្លូវលើខ្នងប្រឡាយស្របជិតផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត គឺជាគម្រោងមួយរបស់រដ្ឋបាលខេត្ត ដើម្បីបញ្ចៀសទឹកជំនន់ក្នុងក្រុង និងបម្រើប្រយោជន៍សាធារណៈទូទៅ។ លោកថា ដើម្បីជំរុញឱ្យគម្រោងអភិវឌ្ឍមួយនេះ បានដំណើរការប្រកបដោយភាពរលូន ត្រូវមានការគាំទ្រតាមលក្ខណៈច្បាប់ បទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងការកាត់បន្ថយផល ប៉ះពាល់ឱ្យមានកម្រិតតិចតួចបំផុត។
លោក ជាវ តាយ បានថ្លែងថា តាមរយៈការចូលរួមមតិយោបល់ និងការគាំទ្រពីជំនាញ អាជ្ញាធរពាក់ព័ន្ធ ក្នុងកិច្ចប្រជុំនេះ ឃើញថាគម្រោងមួយនេះ ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែក ធ្វើឱ្យប្រសើរឡើងទាំងសោភ័ណភាព និងអនាម័យបរិស្ថាន ជាពិសេសបំផុតទៅទៀតនោះ គឺជាប្រឡាយចាស់ដែលមានភាពគោករាក់ ហើយក្រោយពីការស្ដារួច អាចជាផ្លូវទឹកបញ្ចៀសបានការជន់លិចប៉ែកខាងជើងក្រុងកំពត បានមួយចំណែក និងជាផ្លូវថ្នល់បានបម្រើដល់ប្រយោជន៍សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់នេះបានកាន់តែល្អប្រសើរថែមទៀតផងដែរ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត ក៏បានជំរុញដល់ជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្តរួមសហការគ្នាឱ្យបានល្អ ដើម្បីធ្វើយ៉ាងណាការស្ដារប្រឡាយមួយខ្សែនេះ ដែលមានទំហំទទឹង១០ម៉ែត្រ និងផ្លូវស្របប្រឡាយមានទំហំ ១០ម៉ែត្រ ឱ្យសម្រេចបានលទ្ធផលឆាប់រហ័សប្រកបដោយ លក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងការកាត់បន្ថយផលប៉ះពាល់ឱ្យមានកម្រិតតិចតួចបំផុត នៅមុនរដូវភ្លៀងនៅខែវស្សាឆ្នាំក្រោយមកដល់៕