(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងឲ្យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជួបសម្ដែងការគួរសម និងបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រី អាន អេលីសាប៊េត ឡឺឃ្លែ ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រចាំភូមិភាគអាស៊ីអាគ្នេយ៍ ។
ក្នុងជំនួបសម្ដែងការគួរសមនេះ លោកស្រី ឃួន សុដារី បានប្រាប់ឲ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដាំផ្ញើសួរសុខទុក្ខ និងអបអរសាទរចំពោះ លោកស្រី អាន អេលីសាប៊េត ឡឺឃ្លែ ក្នុងឱកាសដែលលោកស្រី ទទួលបានការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ពីព្រះមហាក្សត្រ នៃព្រះជារាណាចក្រកម្ពុជា ។
លោកស្រី អាន អេលីសាប៊េត ឡឺឃ្លែ មានស្នាដៃល្អ ក្នុងការចូលរួមចំណែក ជួយដល់កាកបាទក្រហមកម្ពុជា កន្លងមក ក្នុងការលើកតម្កើងកិត្តិនាមរបស់កាកបាទក្រហមកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងបណ្ដាប្រទេសអាស៊ាន ហើយលោកស្រី ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្របសម្រួលក្នុងសមាគមជាតិ ដែលជាដៃគូនឹងគ្នាផងដែរ។
បន្ទាប់ពីពិធីបំពាក់គ្រឿងរួចមក លោកស្រី អាន អេលីសាប៊េត ឡឺឃ្លែវ បានថ្លែងអំណរគុណ ចំពោះការបំពាក់គ្រឿងឥស្សរិយយសនេះ ជូនដល់លោកស្រី ហើយលោកស្រីបានបញ្ជាក់ថា លោកស្រី និងសហការីទាំងអស់ នៅក្នុងសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នឹងនៅតែបន្តគាំទ្រដល់កាកបាទក្រហមកម្ពុជាជានិច្ច ៕