(ភ្នំពេញ)៖ លោក សុខ សំ បានជម្រាបទៅលោក ហម រ៉ន និងលោក វន វណ្ណៈ ថា ខ្លួនបានសម្រេចរំលាយចោលនូវកិច្ចសន្យាលក់ និងទិញដីមួយកន្លែង ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ដោយហេតុថា លោក ហម រ៉ន និងលោក វន វណ្ណៈ បានអនុវត្តផ្ទុយនឹងកិច្ចសន្យា។
ក្នុងលិខិតជូនដំណឹងស្តីពីការរំលាយកិច្ចសន្យាដែលធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក សុខ សំ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រូបលោក ជាមួយលោក ហម រ៉ន និងលោក វន វណ្ណៈ បានព្រមព្រៀងគ្នាជាលើកចុងក្រោយនៅចំពោះមុខមេធាវីទាំងសងខាងកំណត់យកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃទទួល និងប្រគល់ថវិកាដំណាក់កាលទី៤ ចំនួន ១៥ម៉ឺនដុល្លារ។
តែរហូតដល់ថ្ងៃទី០៩ ខែធ្នូ លោក ហម រ៉ន និងលោក វន វណ្ណៈ ពុំបានអនុវត្តកាតព្វកិច្ចបង់ប្រាក់តាមកិច្ចសន្យាទិញ-លក់ឡើយ ដែលជាការបំពានកិច្ចសន្យា។ ព្រោះតែហេតុនេះ លោក សុខ សំ ក៏បានសម្រេចរំលាយកិច្ចសន្យានេះ៕