(ពោធិ៍សាត់)៖ គណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយលោក ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងសមាជិក-សមាជិកាគណៈកម្មការ បានអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ក្នុងដំណើរបំពេញបេសកកម្មនេះ លោក ហ៊ុន ណេង ប្រធានគណៈកម្មការ បានជម្រាបជូនដល់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ពីគោលបំណងរបស់គណៈប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និង មុខងារសាធារណៈ នៃរដ្ឋសភា ដែលចុះមកនាពេលនេះ គឺដើម្បីស្វែងយល់ពីផលប៉ះពាល់ និង បញ្ហាប្រឈមក្នុងការអនុវត្តច្បាប់ ក៏ដូចជាកិច្ចការសន្តិសុខតាមព្រំដែន សណ្តាប់ធ្នាប់សាធារណៈ និង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការអនុវត្តកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសេចក្តីណែនាំ ឬលិខិតបទដ្ឋានថ្មីៗ របស់រាជរដ្ឋាភិបាល ដោយផ្តោតទៅលើការអនុវត្តវេទិកាសាធារណៈ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ បញ្ហាចំណាកស្រុក ការធ្វើរបាយការណ៍សង្ខេបពីសកម្មភាពរបស់អង្គការ សង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពក្នុងមូលដ្ឋានខេត្ត និងការគ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម ។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានធ្វើសេចក្តីរាយការណ៍ ជូនគណៈប្រតិភូពីការរីកចម្រើន និងលក្ខណៈភូមិសាស្រ្ត នៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនៅក្នុងខេត្ត ពិសេសខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថិរភាពសង្គមបានល្អជូនប្រជាពលរដ្ឋ រស់នៅដោយសុខសន្តិភាព ទទួលបានផលនៃការអភិវឌ្ឍរបស់រដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តចតុកោណ និងកម្មវិធីគោលនយោបាយរបស់រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ។ ទន្ទឹមនឹងនេះខេត្តបានស្ថាបនា សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគម្រោងផ្សេងៗជាច្រើនទៀត ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅក្នុងខេត្ត ។
លោកប្រធានគណៈកម្មការ បានលើកទ្បើងថា អាជ្ញាធរមូលដ្ឋាន គឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៥នេះ តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ។ លោក ហ៊ុន ណេង បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តពង្រឹងពង្រីកនូវអភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការទាំងទ្បាយរបស់ប្រជាពលរដ្ឋ ៕