(កំពង់ធំ)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកការដ្ឋានក្រុងពាលីបញ្ចុះបឋមសិលា សាងសង់សាលប្រជុំ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងលោក លោកស្រី ស្នងការរង លោក លោកស្រីប្រធានការិយាល័យចំណុះ ឲ្យស្នងការខេត្តកំពង់ធំជាច្រើនរូប។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានឲ្យដឹងថា ដោយសារឃើញអង្គភាពកង្វះសាលប្រជុំ ដែលមានលក្ខណៈធំទូលំទូលាយ ទើបលោកបានដឹកនាំលោក លោកស្រីស្នងការរង និងកងកម្លាំងសាងសង់សាលប្រជុំធំមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការបំពេញភារកិច្ចកិច្ចប្រជុំនានា ជាពិសេសផ្ដល់ភាពស្រួលក្នុងការបើកវគ្គបណ្ដុះបណ្ដាល រយៈពេលខ្លីលើវិស័យធនធានមនុស្ស ដល់កងកម្លាំងដែលអាចផ្ទុកមនុស្ស ចូលរួមប្រជុំបានជាង៣០០នាក់ និងគ្រោងចំណាយថវិកា១៤៧,០០០ដុល្លារ។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបញ្ជាក់ឲ្យដឹងថា អគារសាលប្រជុំដែលកំពុងតែបុកគ្រឹះសាងសង់នេះ មានពីរអាគារ អាគារទី១ មានទំហំ១១ម៉ែត្រ គុណ៣១ ម៉ែត្រ អាចផ្ទុកអ្នកចូលរួមប្រជុំបានជាង៣០០នាក់ មានបន្ទប់ទឹក ប្រុសស្រី ចំណែកអាគារខ្នែង ដែលមានទំហំ៧ម៉ែត្រ គុណ១១ ម៉ែត្រ មានសាលប្រជុំតូច អាចផ្ទុកមនុស្សបាន ជាង១០នាក់ ក្នុងនោះមាន បន្ទប់ទឹក និងបន្ទប់សម្រាប់ទុកសម្ភារ។
លោកឧត្តមសេនីយ៍ទោ មែន លី ត្រូវបានមន្ត្រីក្រោមឱវាទ គោរពស្រឡាញ់ និងកោតសរសើរពីការខិតខំប្រឹងប្រែងដឹកនាំអង្គភាព ដោយបេះដូងជាសាច់ញាតិ ជាបងជាប្អូនរស់ក្រោមដំបូលផ្ទះតែមួយ ប្រកបដោយព្រហ្មវិហារធម៌និងគុណធម៌ដល់មន្ត្រីនគរបាលគ្រប់រូបទទួលបានភាពកក់ក្ដៅ ចេះរួមរស់សាមគ្គី ជាធ្លុងមួយ ដើម្បីភាពរីកចម្រើន និងរួមគ្នាបម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។
កងកម្លាំង និងពលរដ្ឋនៅក្នុងខេត្តកំពង់ធំបានកោតសរសើរចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ មែន លី ដែលទើបតែមកកាន់តំណែង ជាស្នងការនគរបាលខេត្តកំពង់ធំ មិនដល់មួយឆ្នាំផង សមិទ្ធផលនានា បានកើតឡើងយ៉ាងឆាប់រហ័ស ដូចជា អគារ អន្តរាគមន៍ អគារ ផ្ទះបាយ អគារសាលប្រជុំនិងអាគារសម្រាប់ធ្វើការ រួមទាំងបានជួសជុលកែលម្អសោភ័ណភាព នៃស្នងការទាំងមូលគួរឲ្យមានភាពទាក់ទាញសមស្រប ជាកន្លែងធ្វើការបម្រើប្រជាពលរដ្ឋ៕