(ភ្នំពេញ)៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានចារឱ្យសមត្ថកិច្ចតាមមូលដ្ឋានការពារដល់តំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ តាមសំណើរបស់ពួកគេ នៅ ពេលមានបាតុកម្ម។
លោក ខៀវ សុភ័គ បានប្រាប់ Fresh News យ៉ាងដូច្នេះថា «សម្តេចក្រឡាហោម បានចារឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនា យកដ្ឋានរដ្ឋបាលបំពេញមុខការរៀងៗខ្លួន ទៅតាមសំណើនោះ» ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីចេញវិធានការការពារដល់សន្តិសុខ សុវត្ថិភាព ជូនដល់តំណាងរាស្រ្ត ថ្នាក់ដឹកនាំ និង សមាជិករបស់ខ្លួន បន្ទាប់ពីមានការព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សនេះ ដោយក្រុមយុវជនមួយចំនួន ដែលមានសមានចិត្តជាមួយ គណបក្សប្រជាជន។
ទោះជាយ៉ាងណា លោក សាំង សុង តំណាងក្រុមសម្ព័ន្ធយុវជនអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលព្រមានធ្វើបាតុកម្មប្រឆាំង គណបក្សសង្រ្គោះជាតិ បានអះអាងថា គម្រោងបាតុកម្មប្រឆំាងគណបក្សសង្គ្រោះជាតិនៅកម្ពុជា អាចប្រែប្រួល ឬមិនធ្វើតែម្តងប្រ សិនជាការធ្វើបាតុកម្មប្រឆំាងនឹងសម្តេចតេជោ ហ៊ុន សែន នៅសហរដ្ឋអាមេរិក គ្រាន់តែជាសម្តែងមតិតិចតួច មិនមានផលប៉ះពាល់អ្វី ធ្ងន់ធ្ងរទេនោះ៕