(រតនគិរី)៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ លោក ថង សាវុន អភិបាលខេត្តរតនគិរី អមដោយអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរ អង្គភាពមួយចំនួន បានអនុញ្ញាតឲ្យលោក អួន បឋម ឬហៅ សាយ ដែលជាអ្នកផ្តើមគំនិតរត់ ដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីបេសកកម្មមនុស្សធម៌របស់សាយ។
ក្នុងឱកាសនេះដែរលោក ថង សាវុន បានកោតសរសើរនូវឆន្ទៈរបស់សាយ ដែលបានផ្តួចផ្តើមគំនិតបង្កើតកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីគៀគរមូនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់។
ជាមួយគ្នានេះ លោកបានសម្តែងនូវក្តីមោទកភាពដោយសារសាយ គឺជាយុវជនម្នាក់ ដែលមានដើមកំណើតនៅខេត្តរតនគិរី និងជាយុវជនគំរូម្នាក់ ដែលបានផ្តើមគំនិត និងលះបង់ខ្ពង់ ក្នុងការងារមនុស្សធម៌។
ទន្ទឹមគ្នានេះ លោកសូមគាំទ្រជាមួយបេសកកម្មរបស់សាយ ក្នុងការរត់ជុំវិញប្រទេស ព្រមទាំងបានប្រគល់ថវិកាជាមូនិធិ ដែលទទួលបានពីការបរិច្ចាកធនធានផ្ទាល់ខ្លួន ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋនៅទូទាំងខេត្ត ដើម្បីឧបត្ថម្ភដល់បេសកកម្មរបស់សាយ ជួយដល់មន្ទីរពេទ្យកុមារអង្គរ នូវថវិកាបឋមប្រមាណជិត២០លានរៀល។
សូមបញ្ជាក់ផងដែរថា លោក អួន បឋម ហៅសាយ នាពេលថ្មីៗកន្លងមកនេះ ក៏បានផ្តើមគំនិតរ៉ៃអង្គាសថវិកា ជូនរាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ-១៩ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃផងដែរ។
ជាមួយគ្នានេះ សាយ ក៏បានចូលរួមចំណែកជាមួយអាជ្ញាធរខេត្ត ក្នុងគម្រោងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ជុំវិញបឹងកន្សែង ដោយបានបរិច្ចាកដី ដែលជាកម្មសិទ្ធផ្ទាល់ខ្លួន និងកាត់ចេញនូវផលប៉ះពាល់ទាំងឡាយណា ដែលប៉ះពាល់មកលើគម្រោងរបស់ខេត្ត ដោយពុំទាមទារសំណងអ្វីឡើយ។
បន្ទាប់ពីខេត្តរតនគិរី ដែលជាទឹកដីកំណើតរបស់ខ្លួន និងមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត សាយ នឹងបន្តបេសកកម្មឆ្ពោះ ទៅខេត្តមណ្ឌលគិរីបន្តទៀត តាមផែនការដែលបានគ្រោងទុក៕