(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News ដល់មន្ត្រីក្រសួងមហាផ្ទៃប្រមាណជា១ពាន់នាក់ បុគ្គលិកធនាគារកាថេ និងធនាគារចិន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទៅធ្វើតេស្តរកមេរោគកូវីដ១៩លើកទី៣ ដែលជាលើកចុងក្រោយ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកមេរោគកូវីដ១៩នេះដែរ នឹងប្រព្រឹត្តិទៅរយៈពេល ១ថ្ងៃពេញ ចាប់ពីម៉ោង ៧ព្រឹកតទៅ នៅទីស្តីការក្រសួងមហាផ្ទៃ។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ប្រាប់ដល់មន្ត្រីក្រសួងមហាផ្ទៃត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ៧ព្រឹក។ ចំណែកឯបុគ្គលិកធនាគារកាថេ និងធនាគារចិន ត្រូវទៅធ្វើតេស្តចាប់ពីម៉ោង ១០ព្រឹក ដើម្បីកុំឲ្យមានជាន់ម៉ោងគ្នាជាមួយមន្ត្រីក្រសួងមហាផ្ទៃ។ ក្រសួងសូមបញ្ជាក់ថា ទីតាំងតែមួយកន្លែងប៉ុណ្ណោះនៅក្រសួងមហាផ្ទៃ៕