(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយច្បាប់ និងនីតិវិធី នៃការគ្រប់គ្រងគ្រីស្ទសាសនានៅកម្ពុជា ក្រោមវត្តមានលោកបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ។
សូមបញ្ជាក់ថា កម្មវិធីនេះពេលបើកបានប្រព្រឹត្តទៅក្រោមអធិបតីភាព របស់លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា កម្មវិធីនេះធ្វើឡើងដើម្បីរួមចំណែកដល់ការផ្សព្វផ្សាយច្បាប់ ដែលត្រូវអនុវត្តចំពោះគ្រីស្ទសាសនិក ទាំងអស់នៅលើទឹកដីកម្ពុជា ឲ្យយល់អំពីនីតិវិធីក្នុងដំណើការកសាងច្បាប់បើកវិហារ ស្នាក់ការ សាលារៀន បុណ្យតាមបែបសាសនា ការផ្សព្វផ្សាយធម៌ព្រះដល់បរិស័ទ ត្រូវតែគោរពច្បាប់សាសនា និងច្បាប់រដ្ឋ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕