(ភ្នំពេញ)៖ លោក ណូ ម៉ាត់សាត ហាកឹម (ចៅអធិការ) គណៈកម្មការវិហារធំឥស្លាម គីឡូម៉ែត្រលេខ៩ នៅថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២០នេះ បានបរិច្ចាគបច្ច័យប្រចាំវិហារ ដែលបានមកពីទឹកចិត្តសប្បុរសដ៏ជ្រះថ្លារបស់បងប្អូនខ្មែរឥស្លាម ចំណុះឱ្យវិហារធំឥស្លាម គីឡូម៉ែត្រលេខ៩ ស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចំនួន៤,០០០,០០០រៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដេីម្បីទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការបរិច្ចាគបច្ច័យនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕