(ភ្នំពេញ)៖ តាមប្រភពព័ត៌មានដែលបង្ហើបដោយមន្ត្រីមួយចំនួន រួមទាំងក្រុមហ៊ុនរកស៊ីខ្សាច់ផងដែរបានអះអាងថា ប៉ុន្មានថ្ងៃនេះមានក្រុមហ៊ុនមួយត្រូវបានមន្ត្រីអាជ្ញាធរ ឃុបឃិតគ្នាប្រគល់សិទ្ធិឲ្យធ្វើអាជីវកម្មបូមខ្សាច់នៅតំបន់ទន្លេចតុមុខ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលរាជរដ្ឋាភិបាលបានធ្វើការហាមឃាត់នាពេលកន្លងមក ដោយមិនមានការដាក់អោយដេញថ្លៃជាសាធារណៈ ដែលករណីនេះបាននាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមន្ត្រីភាគច្រើន រួមទាំងក្រុមហ៊ុនរកស៊ីបូមខ្សាច់ដែលបានច្បាប់ តាមរយៈការដេញថ្លៃត្រឹមត្រូវតាមលទ្ធកម្មផងដែរ។

ប្រភពបានឲ្យដឹងថា ក្រុមហ៊ុន ថៃ ទ្រី ត្រូវបានមន្ត្រីអាជ្ញាធរឃុបឃិតគ្នាប្រគល់សិទ្ធិឲ្យធ្វើអាជីវកម្មបូមខ្សាច់ នៅតំបន់ទន្លេចតុមុខភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងទំហំផ្ទៃដី ៣០ហិកតា ក្រោមលេសជាថ្នូរការបូមស្ដារដីចុងកោះជ្រោយចង្វារ។ តាមព័ត៌មានបានបន្ថែមថា តាមពិតផ្ទៃដីចុងកោះជ្រោយចង្វារ ដែលតម្រូវឲ្យបូមស្ដារដើម្បីបើកផ្លូវទឹកទន្លេមេគង្គ និងត្រីហូរចូលទៅទន្លេសាបនោះ គឺមានទំហំប្រមាណជាង ២ហិកតាប៉ុណ្ណោះ។

គេនៅចាំបានថា កាលពីថ្ងៃសម្ពោធដាក់ឲ្យដំណើរការអាជីវកម្មសណ្ឋាគារសុខា នៅជ្រោយចង្វារ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីអាជ្ញាធរយកដីដុះនៅចុងកោះជ្រោយចង្វារចេញ ដោយឲ្យប្រើម៉ាស៊ីនចាប់យក (ក្រចាប់) ដោយមិនឲ្យប្រើម៉ាស៊ីនបូមនោះឡើយ ដើម្បីសម្រួលដល់ផ្លូវទឹក និងមច្ឆជាតិហូរចូលទៅបឹងទន្លេសាប។ ប៉ុន្តែបច្ចុប្បន្នបែរជាគេឃុបឃិតគ្នាឲ្យក្រុមហ៊ុន ថៃ ទ្រី ធ្វើអាជីវកម្មបូមយកខ្សាច់រហូតដល់ទៅទំហំ៣០ហិកតា គឺតាំងពីចុងកោះជ្រោយចង្វារ លាតសន្ធឹងហួសខាងក្រោយផ្ទះ លោក កែប ជុតិមា អតីតអភិបាលរាជធានីភ្នំពេញទៅទៀត ខណៈទន្លេនៅតំបន់នោះមានជម្រៅ ទឹកជ្រៅស្រាប់ទៅហើយ។

អ្វីដែលកាន់តែធ្វើឲ្យគេចាប់អារម្មណ៍ទៅលើការឃុបឃិតគ្នា អនុញ្ញាតឲ្យឈ្មួញបូមខ្សាច់ខុសទីតាំង តម្រូវការចាំបាច់ក្នុងទំហំធំ និងគ្មានការដាក់ឲ្យដេញថ្លៃ ដែលនាំឲ្យរដ្ឋខាតថវិកាដែលបានមកពីការបង់សួយសាររាប់លានដុល្លារនេះ គឺតាមអ្នកបច្ចេកទេសបានអះអាងថា ការបូមយកដីនៅចុងកោះជ្រោយចង្វារចេញ គេប្រើរយៈពេលតែជាងកន្លះឆ្នាំប៉ុណ្ណោះគឺបូមអស់ហើយ តែនេះបែរជាអាជ្ញាធរអនុញ្ញាតឲ្យ ក្រុមហ៊ុន ថៃ ទ្រី បូមដោយប្រើរយៈពេលរហូតដល់ទៅ ៣ឆ្នាំ មិនខុសពីគេឃុបឃិតគ្នាឲ្យក្រុមហ៊ុនបូមខ្សាច់លក់ដោយមិនដេញថ្លៃ មិនបង់លុយចូលរដ្ឋ ហើយយកលុយមកចែកគ្នាធ្វើមានបាននោះទេ។

ចំណែកក្រុមអ្នករកស៊ីបូមខ្សាច់លក់ តាមរយៈការដេញថ្លៃបង់លុយចូលរដ្ឋត្រឹមត្រូវវិញបានលើកឡើងថា ពួកគេមិនជំទាស់ការអនុញ្ញាតនេះឡើយ តែសូមឲ្យមានការដេញថ្លៃជាសាធារណៈតាមលទ្ធកម្ម ប្រកួតប្រជែងតាមបែបទីផ្សារសេរី ប្រកបដោយតម្លាភាព ព្រោះបើមិនដូច្នេះទេ អ្នករកស៊ីត្រឹមត្រូវបង់ពន្ធជូនរដ្ឋ មិនអាចប្រកួតប្រជែងជាមួយឈ្មួញរកស៊ីតាមបែបទុច្ចរិតបានឡើយ ព្រោះទីតាំងបូមខ្សាច់របស់ក្រុមហ៊ុនដេញថ្លៃ គឺនៅឆ្ងាយ ៤០គីឡូម៉ែត្រពីភ្នំពេញ។ ចំណែកទីតាំងបូមខ្សាច់របស់ក្រុមហ៊ុនមិនដេញថ្លៃនៅជិតដូចនេះ គេអាចលក់តម្លៃថោកជាងដើម្បីផ្ដួលទីផ្សារបាន តែបើដាក់ឲ្យដេញថ្លៃជាសាធារណៈគឺពួកគេមិនជំទាស់ឡើយ។

ពាក់ព័ន្ធការប្រតិកម្មពីមន្ត្រី និងក្រុមហ៊ុនរកស៊ីត្រឹមត្រូវខាងលើនេះ លោក ឌិត ទីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃនេះថា ក្រសួងបានចេញអាជ្ញាបណ្ណឲ្យបូមខ្សាច់ និងបូមភក់ជូនក្រុមហ៊ុន ហួ ទ្រីឆាយ តាមការស្នើសុំរបស់សាលារាជធានី និងតាមនិយាមកាសិក្សាដោយ ក្រសួងធនធានទឹក ព្រោះក្នុងករណីនេះ សាលារាជធានីបានទទួល ភារកិច្ចពីប្រមុខរាជរដ្ឋាភិបាលដើម្បីយកដីដុះចេញពីជ្រោយ។

ក្រសួងរ៉ែ និងថាមពល គឺជាអ្នកពិនិត្យក្នុងរឿងប្រកួតប្រជែង ដោយកំណត់សួយសារ និងអត្ថប្រយោជន៍បន្ថែមសម្រាប់ក្រុមហ៊ុន ដែលបានជ្រើសរើសដោយសាលារាជធានី ឲ្យស្មើនឹងអត្ថប្រយោជន៍បន្ថែមរបស់ក្រុមហ៊ុន ដែលបានដេញថ្លៃដោយតម្លាភាពនៅរកាកោងដែរ។ ចំណែកល្បាយភក់ គឺមិនមានយកអត្ថប្រយោជន៍បន្ថែមទេ ព្រោះគោលដៅគឺរំលាយដីដុះល្បាប់ភក់នេះ៕