(ភ្នំពេញ)៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសព្រះរាណាចក្រកម្ពុជា ថ្នាក់មហាសេនា។
ក្រៅពីលោក ឌឹម សុវណ្ណារុំ នៅមានមន្ត្រី គ.ជ.ប ចំនួន ១១រូបផ្សេងទៀត ក៏ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសផងដែរ។ ក្នុងនោះមន្ត្រី៥រូប ទទួលបានគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ ថ្នាក់មហាសេនា, មន្ត្រី ១រូប ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន្ទ, មន្ត្រី ៣រូប ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា និង ២រូបទៀត ទទួលបានគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឫទ្ធិ។
ការប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសរបស់ព្រះមហាក្សត្រនាពេលនេះ បន្ទាប់ពីទទួលបាននូវការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជាការលើកទឹកចិត្ត និងផ្តល់កិត្តិយសជូនដល់មន្ត្រី គ.ជ.ប ទាំងអស់នេះ តបចំពោះការប្រឹងប្រែងបំពេញការងាររបស់ពួកគេសម្រាប់សង្គមជាតិ។ ជាពិសេសសម្រាប់ដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាតែម្តង៕