(ភ្នំពេញ)៖ លោក សែ សុឃន អគ្គនាយករង តំណាងលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការ គយអន្តរជាតិ លើកទី១៣៧ ដែលរៀបចំដោយអង្គការគយពិភពលោកតាមរយៈប្រព័ន្ធវីដេអូ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក Ahmed Al Khalifa (Bahrain) ប្រធានក្រុមប្រឹក្សាស្តីទី នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីតំណាងរដ្ឋបាលគយ នៃប្រទេសជាសមាជិក ចំនួន១៥០។
ក្នុងសុន្ទរកថាបើក ប្រធានក្រុមប្រឹក្សាស្តីទី បានថ្លែងថា រដ្ឋបាលគយទូទាំងពិភពលោក បានដើរតួយ៉ាងសំខាន់ក្នុងពេល នៃការរីករាលដាលជាសាកលនូវជំងឺ កូវីដ១៩ ហើយត្រូវក្សាសន្ទុះទៅមុខ និងត្រៀមខ្លួនសម្រាប់ដំណាក់កាល នៃការស្តារឡើងវិញ ជាពិសេសបន្តធានានូវការចរាចរទំនិញសំខាន់ៗ ឲ្យបានរហ័ស រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបង្កើនការគាំទ្រដល់ប្រតិបត្តិករសេដ្ឋកិច្ច។
ទន្ទឹមនេះ លោក Kunio Mikuriya អគ្គលេខាធិការអង្គការគយពិភពលោក បានរំលឹកអង្គប្រជុំថា លេខាធិការដ្ឋានអង្គការគយពិភពលោក (WCO) បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីគាំទ្រដល់សមាជិកក្នុងការគ្រប់គ្រងវិបត្តិនេះ, ធានានិរន្តរភាពដំណើរការនៅក្នុងស្ថាប័ន និងផ្តល់ជំនួយបច្ចេកទេស តាមរយៈប្រព័ន្ធអនឡាញ។
លើសពីនេះ លោកបានលើកឡើងថា «រដ្ឋបាលគយ និងលេខាធិការដ្ឋាន WCO បានបង្ហាញពីភាពរឹងមាំ អាចសម្របខ្លួន និងឆ្លើយតបនឹងវិបត្តិ ព្រមទាំងបន្តអភិវឌ្ឍសេចក្តីណែនាំមគ្គុទេសន៍ និងស្តង់ដារដើម្បីជាប្រយោជន៍ដល់សមាជិកទាំងអស់ផងដែរ»។
អង្គប្រជុំ បានកំណត់យកពាក្យស្លោក «Customs Bolstering Recovery, Renewal and Resilience for a Sustainable Supply Chain» ជាប្រធានបទសម្រាប់ប្រារព្ធទិវាគយ អន្តរជាតិ ឆ្នាំ២០២១ និងបានពិភាក្សាផ្តោតលើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច, កិច្ចសម្រួល និងត្រួតពិនិត្យលំហូរ អ្នកដំណើរ, តួនាទីរបស់រដ្ឋបាលគយ ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការរីករាលដាលជាសាកលនូវជំងឺកូវីដ១៩ និងកិច្ចសម្រួលចរាចរវ៉ាក់សាំងឆ្លងព្រំដែន និងសមភាពយេនឌ័រ និងពិពិធកម្ម។
ជាលទ្ធផលអង្គប្រជុំ បានអនុម័តលើការងារសំខាន់ៗ មួយចំនួនដូចជា៖
*ទី១៖ ការបង្កើតក្រុមការងារកិច្ចសម្រួល និងត្រួតពិនិត្យអ្នកដំណើរ
*ទី២៖ ដំណោះស្រាយស្តីពីតួនាទីរបស់រដ្ឋបាលគយ ក្នុងកិច្ចសម្រួលចរាចរឆ្លងកាត់ព្រំដែននៃថ្នាំ និងវ៉ាក់សាំង
*ទី៣៖ សេចក្តីប្រកាសស្តីពីសមភាពយេនឌ័រ និងពិពិធកម្មក្នុងស្ថាប័នគយ និងកម្រងឯកសារស្តីពីតំបន់រួចពន្ធ, សេដ្ឋកិច្ចកោះតូច, ការរក្សាទំនិញ ដែលមានគ្រោះថ្នាក់, ការវិភាគទិន្នន័យ និងការឆ្លងកាត់។
អង្គប្រជុំក៏បានបោះឆ្នោតជ្រើសរើសលោក Ahmed Al Khalifa (Bahrain) ជាប្រធានក្រុមប្រឹក្សា នៃអង្គការគយពិភពលោក (The Chairperson of the Council of the WCO) គិតចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ និងលោក Konstantinos KAIOPOULOS (Greece) ជាប្រធាននាយកដ្ឋានតារាងពន្ធ និងកិច្ចការពាណិជ្ជកម្ម (Tariff and Trade Affairs Directorate) របស់អង្គការគយពិភពលោក, នឹងចូលកាន់តំណែងនៅថ្ងៃទី០១ ខែមករាឆ្នាំ ២០២១។
គួរជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការគយអន្តរជាតិ លើកទី១៣៨ គ្រោងនឹងប្រពឹត្តទៅនាថ្ងៃ២៤ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១៕