(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធពិធីខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន មានសេចក្តីសោមនស្សរីករាយឥតឧបមា សូមសម្តែងនូវអំណរសាទរ និងប្រសិទ្ធពរជ័យបវរសួស្តីសិរីមង្គលមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំការងារកាកបាទក្រហមកម្ពុជា ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់បន្ថែមទៀត។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សូមកោតសរសើរដោយស្មោះចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកុលធីតាដ៏ឆ្នើមមួយរូប ដែលជាអ្នកដឹកនាំពោពេញទៅដោយគុណធម៌ និងគំរូវីរភាពល្បីល្បាញ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្នុងភារកិច្ចមនុស្សធម៌ដឹកនាំកាកបាទក្រហមកម្ពុជា រហូតទទួលបានជោគជ័យធំធេងជាបន្តបន្ទាប់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ។
ជាថ្មីម្តងទៀត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សូមប្រសិទ្ធពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕