(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បានឱ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នេះ រដ្ឋបាលខេត្តព្រៃវែង នៅតែបន្ត និងអនុវត្តសកម្មភាពផ្សព្វផ្សាយ អំពីវិធានការសុខាភិបាលយ៉ាងផុសផុល ហើយបើគិតមកដល់ពេលនេះក្នុងខេត្តព្រៃវែង ពុំទាន់មានអ្នកឆ្លងជំងឺកូវីដ-១៩ ម្នាក់នៅឡើយទេ ។
លោក ជា សុមេធី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ និងវិធានការបង្ការ ការពារ និងទប់ស្កាត់ការ រាតត្បាតនៃជំងឺ COVID-19 នៅសាលប្រជុំធំ A នៃសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីប្រធានសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីសាលាខេត្ត សមាជិកសភាពាណិជ្ជកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។
លោក ជា សុមេធី ក៏បានជំរុញដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ត្រូវតែមានវិធានការការពារឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត នូវការផ្សព្វផ្សាយ អប់រំណែនាំឲ្យកាន់តែផុសផុល ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្តនូវវិធានការបង្ការ វិធានការអនាម័យ និងវិធានការដែលណែនាំដោយក្រសួងសុខាភិបាល ព្រមទាំងបង្កើន និងពង្រឹង ការអនុវត្តវិធានការទាំងនេះ នៅតាមបណ្ដាអង្គភាពរដ្ឋ ឯកជន និងរោងចក្រសហគ្រាសទាំងអស់នៅក្នុងខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តក៏បានត្រៀមបម្រុងទីតាំងទុកសម្រាប់ទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យចំពោះប្រជាពលរដ្ឋដែលសង្ស័យថា ឆ្លង និងអ្នកស្ម័គ្រ ចិត្តមកធ្វើតេស្តរកជំងឺកូវីដ-១៩ ដែលសង្ស័យថា មានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើតកូវីដ១៩នេះ នៅចុងប៉ម និងកន្លែងចត្តាឡីស័កជាច្រើនកន្លែងថែមទៀត។
លោកក៏បានជម្រុញដល់គ្រប់មន្ទីរអង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ទីរសុខាភិបាល ដែលជាសេនាធិការឲ្យក្រសួងសុខាភិបាល ត្រូវធ្វើយ៉ាងណាដាក់ចេញនូវទិសដៅ ដើម្បីបន្តលើកកម្ពស់ អនុវត្តយ៉ាងសកម្ម តាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីបង្កាទប់ស្កាត់ប្រឆាំង និងការរីករាលដាលនៃវីរុសប្រភេទថ្មីកូវីដ-១៩ ដែលកំពុងកើតមាន ជាសកល។
លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ទីរ អង្គភាពជុំវិញខេត្តជួយឧបត្ថម្ភ និងគាំទ្របន្ថែមជូនដល់គណៈកម្មការបង្ការ ទប់ស្កាត់ ការរីករាលដាលវីរុសកូវីដ១៩ ដើម្បីសម្រួលបន្ទុករដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូលផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋខេត្តព្រៃវែងសង្ស័យដែលបានបញ្ជូនសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ចំនួនសរុប ៣,៧៩៥នាក់ ជាលទ្ធផល អវិជ្ជមានទាំងអស់៕