(ភ្នំពេញ)៖ ឧកញ៉ាទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន និងជាអគ្គនាយកក្រុមហ៊ុនទ្រី ភាព គ្រុប ត្រូវបានគណៈកម្មាធិការវាយតម្លៃផ្តល់សញ្ញាប័ត្របណ្ឌិត កិត្តិយស នៃសកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា នារសៀលថ្ងៃទី១៥ ខែ កុម្ភៈ បានបង្កើតក្រុមប្រឹក្សាវាយតម្លៃផ្តល់សញ្ញាប័ត្រកិត្តិយសជូន ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតល្បីៗ ជាច្រើនរូបរួមទាំង តំណាងក្រសួងអប់រំយុវជន និងកីឡាចូលរួមផងដែរ ។
គួរបញ្ជាក់ថា មុនពេលដែលគណៈកម្មាធិការ កម្មវិធីប្រជុំវាយតម្លៃផ្តល់ជូណសញ្ញាប័ត្របណ្ឌិតកិត្តិយសជូន ឧកញ៉ាទ្រី ភាព គឺ ឧកញ៉ាទ្រី ភាព បានខិតខំស្រាវជ្រាវចងក្រងឡើងនូវសៀវភៅ ២ក្បាល ដែលក្នុងនោះ១ក្បាលមានចំណងជើងថា «ដំណើរឆ្ពោះទៅរកភាពជោគជ័យលើវិស័យសេដ្ឋកិច្ច» និង១ក្បាលទៀត មានចំណងជើងថា «ក្រ អាច មាន» ។ ចំពោះស្នាដៃសៀវភៅទាំង២ក្បាលនេះ សាស្ត្រាចារ្យបណ្ឌិតគ្រប់រូបនៃសាកលវិទ្យាល័យ បានបង្កើតគណៈកម្មាធិការ ប្រជុំវាយតម្លៃមុនផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូន ឧកញ៉ាទ្រី ភាព ដែលក្នុងនោះមានលោកបណ្ឌិត ឈួន ចាន់ថន សកលវិទ្យាធិការ នៃសកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា ជាប្រធានគណៈកម្មាធិការវាយតម្លៃ ។
ក្នុងពិធីខាងលើនេះផងដែរ លោកឧកញ៉ាទ្រី ភាព មិនមានវត្តមានចូលរួមនោះទេ ដោយសារជាប់រវល់ ការងារ ទៅក្រៅប្រទេស ប៉ុន្តែក្រុមហ៊ុនទ្រី ភាព គ្រុប បានចាត់តំណាង៤រូបមកចូលរួម នៅក្នុងពិធី វាយតម្លៃបណ្ឌិតកិត្តិយសរបស់ឧកញ៉ាទ្រី ភាព ។
ឆ្លងតាមការប្រជុំវាយតម្លៃ ពីសំណាក់សាស្ត្រាចារ្យបណ្ឌិត ចំនួន ១៥ រូប រួចមក ក្រុមប្រឹក្សាបាន សម្រេចផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែក សេដ្ឋកិច្ច ជូនឧកញ៉ាទ្រី ភាព ដោយសារគាត់មានជំនាញខ្លាំងផ្នែកសេដ្ឋកិច្ច ។
ទាក់ទឹននឹងការវាយតម្លៃផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះផងដែរ បើតាមប្រវត្តិសាស្ត្រ នៃអ្នកសិក្សា ស្រាវជ្រាវបានអោយដឹងថា កាលពី ២៥០ឆ្នាំមុន សកលវិទ្យាល័យមួយចំនួនបានចាប់ផ្តើម ផ្តល់ សញ្ញាប័ត្រ ដែលគេអោយឈ្មោះថា បណ្ឌិតកិត្តិយសទៅតាមអ្នកដែលគេចង់អោយ ដើម្បីកិត្តិយស និងទទួលស្គាល់គ្នាទៅវិញទៅមក ។ បណ្ឌិតកិត្តិយស ត្រូវចេញអោយដើម្បីផ្តល់តួនាទីដល់អ្នកទទួល និងរឹតចំណងទំនាក់ទំនងរវាងសាលា និងសាធារណៈជន ដែលទទួលសញ្ញាប័ត្រនេះ ក្នុងនោះមានឥស្សរជននយោបាយ តារាសិល្បៈ អ្នកជំនួញជាដើម ដែលមានបទពិសោធន៍ ស្រាវជ្រាវ របកកំហើញ ថ្មីៗ និងទទួលបានជោគជ័យលើមុខជំនួយ ហើយបានបរិចាគចំពោះសកលវិទ្យាល័យ កិច្ចការសង្គម សាសនា ការដឹកនាំ គ្រប់គ្រងសហគមន៍ និងធ្វើពលិកម្មដើម្បីបុព្វហេតុជាតិជាដើម ។
យោងតាមប្រវត្តិសាស្ត្រ និងការស្រាវជ្រាវខាងលើនេះ ទើបសកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា បានសម្រេច បង្កើតគណៈកម្មាធិការវាយតម្លៃដើម្បីផ្តល់សញ្ញាប័ត្របណ្ឌិតកិត្តិយសជូនឧកញ៉ាទ្រី ភាព ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការបណ្តុះបណ្តាលបណ្ឌិតដែលចែងយ៉ាងច្បាស់ អំពី ប្រភេទ នៃសញ្ញាប័ត្របណ្ឌិត មាន៣ប្រភេទ ៖ ទី១ សញ្ញាប័ត្របណ្ឌិតកិត្តិយសស្រាវជ្រាវ ទី២ សញ្ញាប័ត្របណ្ឌិតវិជ្ជាជីវៈ ទី៣ សញ្ញាប័ត្របណ្ឌិតកិត្តិយស ៕