(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្ដីពីវិធានការរារាំងការវាយប្រហារ តាមប្រព័ន្ធតេឡេក្រាម (Telegram) ក្រោមទម្រង់ជាការក្លែងបន្លំ ឈ្មោះថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃ។
សេចក្តីជូនដំណឹងរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram) បាននឹងកំពុងកើតមានឡើងគួរឱ្យកត់សម្គាល់ ដោយ ឧក្រិដ្ឋជន (Hacker) បានធ្វើការវាយប្រហារក្រោមទម្រង់ជាការក្លែងបន្លំឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ឬឈ្មោះបុគ្គលដទៃទៀត ដើម្បីបញ្ជូនមេរោគតាមសារក្នុងកម្មវិធីតេឡេក្រាម សម្រាប់បោកបញ្ឆោតអ្នកប្រើប្រាស់ (ជនរងគ្រោះ) ដែលគេបានកំណត់មុខសញ្ញា។
ក្រសួងបន្តថា ក្នុងករណី អ្នកប្រើប្រាស់ចុចបើកឯកសារ ឬកម្មវិធីដែលមានផ្ទុកមេរោគ ឧក្រិដ្ឋជនអាចចូលទៅគ្រប់គ្រងកុំព្យូទ័រ ឬទូរសព្ទរបស់អ្នកប្រើប្រាស់ពីចម្ងាយដោយជោគជ័យ ហើយផ្តល់លទ្ធភាពឱ្យឧក្រិដ្ឋជនលួចយកទិន្នន័យនានា ដូចជា ឯកសារ លេខកូដសម្ងាត់ (Password/ Passcode) សម្រាប់កម្មវិធីផ្សេងៗ ព្រមទាំងបញ្ជាម៉ាស៊ីនថតរូប (Camera) និងឧបករណ៍ថតសំឡេងផងដែរ ហើយអាចបន្តលួចព័ត៌មាននៅក្នុងកុំព្យូទ័រឬទូរសព្ទ និងប្រើប្រាស់អត្តសញ្ញាណជនរងគ្រោះ ទៅបោកបញ្ឆោតអ្នកដទៃទៀត។
ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា «ដើម្បីជៀសវាងការធ្លាក់ទៅក្នុងអន្ទាក់បោកប្រាស់ របស់អ្នកវាយប្រហារ អ្នកប្រើប្រាស់តេឡេក្រាម គួរតែផ្ទៀងផ្ទាត់ និងត្រួតពិនិត្យគណនីរបស់បុគ្គលដែលបានផ្ញើសារមក ឱ្យបានច្បាស់លាស់។ ជាពិសេស ចំពោះសារណាដែលផ្ញើមកជាលើកដំបូង ទោះបីជាមានរូបភាពនិងឈ្មោះរបស់ថ្នាក់ដឹកនាំ ក្នុងជួររាជរដ្ឋាភិបាល ឬអ្នកស្គាល់ក៏ដោយ ម្ចាស់គណនីគួរធ្វើការពិនិត្យមើលព័ត៌មាន របស់អ្នកផ្ញើដូចជា លេខទូរសព្ទនិងឈ្មោះ មុននឹងចុចបើកឯកសារនិងកម្មវិធីណាមួយ ឬឆ្លើយតបសារវិញ»។
ក្រសួងបន្តថា ក្នុងករណីសង្ស័យ អ្នកប្រើប្រាស់គួរតែទូរសព្ទទៅសាកសួរម្ចាស់ គណនីដោយផ្ទាល់តែម្តង។ ក្រោយពេលបានដឹងថា ម្ចាស់គណនីមិនមែនជាម្ចាស់ គណនីពិតប្រាកដ អ្នកប្រើប្រាស់អាចបិទ (Block) ការទទួលសារពីគណនីនោះ តាមរយៈការជ្រើសរើស យកពាក្យជាភាសាអង់គ្លេស ដែលមានអក្សរពណ៌ក្រហមថា «Block User»។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធ ទៅនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែម ក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍អំពីករណីនេះតាមរយៈអ៊ីម៉ែល [email protected] ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨៕