(ភ្នំពេញ)៖ បើទោះពេលបច្ចុប្បន្នស្ថានភាពរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រួមទាំង «ព្រឹត្តិការណ៍សហ គមន៍២៨វិច្ឆិកា» ផង មានសភាពធូរស្រាល តែសម្រាប់សម្ដេចតេជោ ហ៊ុន សែន មិនបានទម្លាក់ចោលនូវស្មារតីនៃការ ដោះស្រាយបញ្ហាប្រឈមនោះឡើយ។
ក្នុងឱកាសផ្ញើសារពិសេសដោយផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ និងផ្សាយបន្តតាមបណ្ដាញផ្សព្វផ្សាយនានា នៅព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់ការរីករាតត្បាត ជំងឺកូវីដ១៩នេះ សុខចិត្តគិតថា «មាន» ប្រសើរជាងការគិតថា «មិនមាន» ដើម្បីបានត្រៀមលក្ខណៈសម្បត្តិក្នុងការដោះ ស្រាយជាមួយវា។
សម្រាប់ឆ្នាំ២០២១ខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ និងបទបញ្ជាចំនួន ១៤ចំណុច ដើម្បី ឱ្យក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបក្នុងការករណីមានការរីករាលដាលធ្ងន់ធ្ងរ។ អនុសាសន៍ និងវិធានការទាំង ១៤ចំណុចនោះរួមមាន៖
១៖ ត្រូវចេះរស់នៅធម្មតាតាមគន្លងថ្មី ដោយប្រកាន់យកការកែប្រែឥរិយាបថអនាម័យស្អាត និងប្រកាន់គោលការណ៍៤ (
ក៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។
ខ៖ ត្រូវអនុវត្ត ៣ការពារ (១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។
គ៖ ត្រូវអនុវត្ត ៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើត្រូវទាក់ទងទៅគ្រូពេទ្យ)។
ឃ៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាស់មិនឱ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ)។
២៖ ពង្រឹងសេវាសុខាភិបាលតាមមូលដ្ឋាន ជាពិសេសត្រៀមឱ្យមានកន្លែងដាក់អ្នកជំងឺកូវីដ១៩ កុំឱ្យមានការចម្លងគ្នា និងរៀបចំបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម។
៣៖ សហការជាមួយគ្លីនិកនានាក្នុងការតាមរកអ្នកពាក់ព័ន្ធជំងឺកូវីដ១៩។
៤៖ បណ្តុះបណ្តាលគ្រូពេទ្យបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពលើការព្យាបាល។
៥៖ ពង្រឹងសតម្ថភាពមន្ទីរពិសោធន៍ទាំងនៅភ្នំពេញ សៀមរាប ព្រះសីហនុ និងបាត់ដំបង។
៦៖ ផ្គត់ផ្គង់សម្ភារពេទ្យជាពិសេសម៉ាស់ អាវ ទៅមន្ទីរពេទ្យ និងមណ្ឌលសុខភាព ដែលត្រូវជួយរុករកអ្នកជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវឱ្យខ្វះសម្ភារ បរិក្ខារពេទ្យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩មួយចំនួន ដូចប្រទេសជឿនលឿនមួយចំនួននោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានសម្ភារ បរិក្ខារពេទ្យគ្រប់គ្រាន់ មិនឱ្យចូលព្យាបាលអ្នកជំងឺឡើយ។
៧៖ ប្រព័ន្ធបញ្ជូនជំងឺត្រូវចាត់ចែង និងពង្រឹងសមត្ថភាព ហើយត្រូវមានគិលានុបដ្ឋាកសង្គ្រោះឱ្យបានសមរម្យ។ ជាពិសេសការបញ្ជូនចេញ និងចូល កុំឱ្យមានការចម្លងគ្នា។
៨៖ ត្រូវពង្រីកក្រុមការងារឆ្លើយតបបន្ទាន់បន្ថែមទៀត។
៩៖ ត្រូវមានក្រុមគ្រូពេទ្យព្យាបាល ដោយចែកជាក្រុមៗនៅតាមមន្ទីរពេទ្យ ដោយប្រចាំការនៅមន្ទីរពេទ្យផង និងអាចចល័តទៅកាន់កន្លែងដទៃពេលមានតម្រូវការចាំបាច់។
១០៖ ត្រៀមកន្លែងធ្វើចត្តាឡីស័ក និងអ្នកគ្រប់អ្នកធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់។
១១៖ ជំរុញការចូលរួមក្នុងសហគមន៍ ជាពិសេសស្ត្រីនៅតាមផ្ទះឱ្យចូលរួមការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
១២៖ អាជ្ញាធរមូលដ្ឋានភូមិឃុំត្រូវចូលរួមអប់រំសុខភាពប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍។ សម្តេចតេជោ បានណែនាំឱ្យយកគំរូតាមការផ្សព្វផ្សាយកាលពីខែមេសា ដោយមានការចាក់ឧបករណ៍បំពងសំឡេងតាមភូមិ ឃុំ។
១៣៖ បង្កើត ឬពង្រឹងប្រព័ន្ធតាមដានអ្នកប៉ះពាល់ និងប្រព័ន្ធរាយការណ៍ជំងឺឱ្យបានទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
១៤៖ លើទឹកចិត្តឱ្យមានតម្លាភាព និងស្មោះត្រង់ក្នុងការបង្ហាញខ្លួនពាក់ព័ន្ធជំងឺកូវីដ១៩ ដើម្បីចាត់វិធានការបានលឿន។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្ពុជា អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣៦២នាក់ (ស្ត្រី ៨៦នាក់ និងបុរស ២៧៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣១២នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរចំនួន ៥០នាក់៕