(កែប)៖ នៅទីបំផុត! បុគ្គលដែលបង្កើតគណនី Facebook ក្លែងក្លាយជាច្រើន រួចបង្ហោះជេរប្រមាថបរិហាកេរ្តិ៍ថ្នាក់ដឹកនាំ អភិបាលខេត្ត និងស្នងការនគរបាលខេត្តមួយចំនួន ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលជាកន្លែងរស់នៅរបស់ជនសង្ស័យតែម្តង។
របាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
បើតាមរបាយការណ៍ ជនសង្ស័យដែលកម្លាំងរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួននេះ ឈ្មោះ ងិន ស៊ុយទ្រី អាយុ២៥ឆ្នាំ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា យុវជនរូបនេះមានចេតនាទុច្ចរិត បានបង្កើតគណនី Facebook ក្លែងក្លាយជាច្រើនធ្វើការជេរប្រមាថ បរិហាកេរ្តិ៍ បំប៉ោងព័ត៌មានបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបរិហារកេរ្តិ៍លើថ្នាក់ដឹកនាំកំពូល អភិបាលខេត្ត រហូតដល់ស្នងការនគរបាលខេត្តមួយចំនួន ដោយគេបានសរសេរនូវភាសាអសុរោះ កាត់តរូបភាពលើគណនី Facebook ក្លែងក្លាយទាំងនោះ។
យុវជន ងិន ស៊ុយទ្រី បានសារភាពថា ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់តាំងពីដើមឆ្នាំ២០១៦ ក្រោយមកនារីរូបនោះ បានផ្លាស់ប្ដូរមកធ្វើការ នៅរាជធានីភ្នំពេញ តាំងពីពេលនោះមកទំនាក់ទំនងរបស់គេបានត្រូវឃ្លាតឆ្ងាយ និងដោយសារនាង មានទំនាក់ទំនងជាមួយបុរសជាច្រើនផ្សេងទៀត ធ្វើឲ្យគេកើតចិត្តប្រច័ណ្ឌ ហើយក៏បានបង្កើតគណនីក្លែងក្លាយជាឈ្មោះរបស់នាង ឪពុកនាង និងជាមិត្តភ័ក្ររបស់នាងជាច្រើនទៀត ដើម្បីវាយប្រហារថ្នាក់ដឹកនាំកំពូលៗ ចេតនាដើម្បីទម្លាក់កំហុសនារីរូបនោះ ព្រមទាំងមិត្តភ័ក្រដៃគូស្នេហា និងគ្រួសាររបស់នាង។
បច្ចុប្បន្ន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកែប កំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យនេះ ទៅតុលាការតាមនីតិវិធី។
អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋានជំនាញនគរបាលបច្ចេកវិទ្យា បានក្រើនរំលឹកដល់អ្នកលេងបណ្តាញសង្គម សូមប្រើប្រាស់បណ្តាញសង្គម ប្រកបដោយក្រមសីលធម៌ ជាពិសេសកុំប្រើប្រាស់បណ្តាញសង្គម ធ្វើជាទីលានបញ្ចេញកំហឹងសងសឹកស្នេហា ដែលនាំឲ្យអាប់ឱនដល់ប្រពៃណី ដ៏ផូរផង់របស់ជាតិ ហើយនិងកុំព្យាយាមប្រើប្រាស់បណ្តាញសង្គម ដើម្បីប្រព្រឹត្តបទល្មើស ព្រោះមិនអាចគេចចេញពីសំណាញ់ច្បាប់បានឡើយ៕