(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូម្សិលមិញ រាជរដ្ឋាភិបាលទទួលបានថវិកាពីការបរិច្ចាគសម្រាប់ទិញវ៉ាក់សាំង ចំនួន៤៨,០៩៣,៩០៥.១៣ដុល្លារ និង ៣,៩០០លានរៀល ដែលជាការចូលរួមរបស់សប្បុរសជន។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ និងការត្រៀមទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បន្ទាប់សម្ដេចប្រកាសត្រៀមទិញវ៉ាក់សាំង រហូតមកដល់ពេលនេះ មានសប្បុរសជន ចំនួន៣៨,៤១១នាក់ហើយ ដែលបានចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា សម្ដេចស្ទើរស្រកទឹកភ្នែកនៅពេលឃើញ ការចូលរួមពីសាធារណជនគ្រប់ទិសទិស ទាំងវិនិយោគិន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទៅផងដែរ យ៉ាងសស្រាក់សស្រាំ ដើម្បីបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល ខណៈរាជរដ្ឋាភិបាល មិនបានអំពាវនាវទាល់តែសោះឲ្យមានការចូលរួមពីប្រជាពលរដ្ឋ។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ពេលនិយាយដល់វ៉ាក់សាំងកូវីដ១៩ ធ្វើឱ្យសម្តេចព្រឺរោម ព្រោះវាបានខ្លាចជាចលនាជាតិ និងជាខឿនការពារជាតិ។ ជាពិសេសគឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ បន្ទាប់ពីមានការប្រកាសនេះ មានសប្បុរសជននានា បានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគនេះជាស្មារតីសាមគ្គីភាព ជាវប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ៕