(កណ្តាល)៖ ពលរដ្ឋ២នាក់ ក្នុងនោះម្នាក់ជាមេភូមិ ត្រូវបានមនុស្ស៤នាក់ ព្រួតវាឱ្យរបួស និងវាយបំផ្លាញទ្រព្យសម្បត្តិ ដោយសារតែទំនាស់រឿងចតឡាននៅមុខផ្ទះ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨យប់ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សំ សែន ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយកម្លាំងនគរបាលតាមឃាត់ជនសង្ស័យបាន ៣នាក់ ខណៈម្នាក់ទៀតរត់គេចខ្លួន រួចបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការបន្តទៀត។

មន្រ្តីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះ២នាក់រួមមាន៖

*ទី១៖ ឈ្មោះ សំ សែន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។ ខូចខាតសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន
*ទី២៖ ឈ្មោះ រី សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជា «មេភូមិតាក្តុលត្បូង» រងរបួសស្នាមបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង។

ចំណែកជនសង្ស័យ៤នាក់រួមមាន៖

*ទី១៖ ឈ្មោះ ឆិល ចាន់ធឿន អាយុ៣៣ឆ្នាំទីលំនៅ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)
*ទី២៖ ឈ្មោះ ឆិល មករា អាយុ៣៥ឆ្នាំ ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ សំ ចាន់ធី អាយុ៣៤ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកបររថយន្ត (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ ឆិល ចាន់ថុល អាយុ៣៧ឆ្នាំ ទីលំនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ (គេចខ្លួន)។ វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន៖ ដុំថ្មចំនួន ៦ដុំ, កាំបិតប៉័ងតោដងជ័រចំនួន១ប្រវែង ៣០សង់ទីម៉ែត្រ, អំបែងចានមួយចំនួន និងបំពង់ទឹកក្តៅពណ៌ក្រហមចំនួន១។

បើតាមមន្រ្តីនគរបាល ដំបូងជនរងគ្រោះឈ្មោះ សំ សែន បានចតរថយន្តរបស់ខ្លួននៅតាមផ្លូវមុខផ្ទះរបស់ខ្លួន លុះដល់វេលាកើតហេតុ ស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បានបើករថយន្តចេញពីផ្ទះម្តាយរបស់ខ្លួន ដែលនៅផ្ទះក្បែរគ្នា មកដល់មុខផ្ទះជនរងគ្រោះបើកចេញមិនរួចព្រោះផ្លូវចង្អៀតដោយទើសរថយន្តរបស់ជនរងគ្រោះ។

ភ្លាមនោះជនរងគ្រោះ បានចេញពីផ្ទះមកជួយសារ៉េសម្រួល ស្រាប់តែជនសង្ស័យឈ្មោះ ឆិល ចាន់ធឿន បាននិយាយថា «ចតឡានពេញផ្លូវ»។ ពេលនោះជនរងគ្រោះប្រាប់ថា «សុំចតតែពីរថ្ងៃទេ ដោយសម័យកូវីដមិនហ៊ានទុកឡាននៅ ការ៉ាស់ទេ»។ ហើយក៏មានទំនាស់ពាក្យសំដីគ្នាទៅវិញទៅមក។

ពេលនោះជនរងគ្រោះឈ្មោះ រី សារ៉េត ដែលជាមេភូមិនៅផ្ទះជាប់គ្នា ក៏ចេញមកឃាត់កុំឱ្យឈ្លោះគ្នា ស្រាប់តែជនសង្ស័យនិយាយថា «មិនមែនរឿងរបស់អ្ហែងទេកុំមកចេះ»។ ដោយខ្លានមានរឿង ជនរងគ្រោះឈ្មោះ សំ សែន បានដឹកដៃជនរងគ្រោះឈ្មោះ រី សារ៉េត ឱ្យចូលទៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែក្រុមជនសង្ស័យ បាននាំគ្នាចូលទៅវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្តាលឱ្យខូចខាត និងយកដុំថ្មគប់បណ្តាលឱ្យជនរងគ្រោះឈ្មោះ រី សារ៉េត រងរបួសបែកចុងចិញ្ចើមខាងស្តាំ និងរយះកដៃខាងឆ្វេង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរនបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងនគរបាលជំនាញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន៣នាក់ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី។ ជុំវិញករណីខាងលើនេះជនរងគ្រោះឈ្មោះ រី សារ៉េត ជាមេភូមិតាក្តុលត្បូង បានបញ្ជាក់ថា «លោកមិនសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធច្បាប់នោះទេ គឺត្រូវបញ្ជូនទៅដោះស្រាយនៅតុលាការ»