(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសារទៅកាន់ជនរួមជាតិ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ដល់អនុសាសន៍ និងដាក់ចេញនូវបទបញ្ជាចំនួន៤ចំណុច ទៅកាន់ស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍សាជាថ្មី បន្ទាប់ពីព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
អនុសាសន៍ និងបទបញ្ជាដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖
*ទី១៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឱ្យបានម៉ឺងម៉ាត់។ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រូពេទ្យហត់ណាស់ហើយ។
ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំអភិបាលរាជធានី-ខេត្ត ត្រួតយកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវធ្វើចត្តាឡីស័ក ពិសេសចំពោះគ្រូសារក្រីក្រ ហើយប្រសិនបើអ្នកមកធ្វើចត្តាឡីស័កនោះ ជាមេគ្រួសារទៀតនោះ ត្រូវបើកប្រាក់ឧបត្ថម្ភទៅមុនរយៈពេល១៥ថ្ងៃ ក្នុងមួយថ្ងៃ២ម៉ឺនរៀល កុំចាំបើកម្ដងមួយថ្ងៃ។
*២៖ ត្រូវអនុវត្ត ៣ការពារ រួមមាន៖ ១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។ សម្ដេចបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
*៣៖ ត្រូវបន្ដអនុវត្ត ៣កុំ រួមមាន៖ ១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្សច្រើនកុះករ, ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ។
*៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវចាត់ឲ្យមានអ្នកនៅចាំត្រួតពិនិត្យកម្ដៅ បើមិនមានម៉ាស់មិនឱ្យចូល និងមានអាល់កុល ឬជែលលាងដៃ ព្រមទាំងរៀបចំឲ្យមានការរក្សាគម្លាតសុវត្ថិភាពបុគ្គល លើសពី១ម៉ែត្រកន្លះឡើងទៅជាចាំបាច់។ កុំឲ្យមានការអង្គុយប្រជ្រៀតគ្នា និងត្រូវមានការសម្អាតរក្សាអនាម័យល្អ នៅពេលអតិថិជនចេញពីតុ ចេញពីកន្លែងខ្លួន។
ចំណុចនេះសម្ដេចតេជោ ហ៊ុន សែន បានរំលឹកអភិបាលរាជធានី-ខេត្តទាំងអស់ ត្រូវតាមមើលកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ធនាគារ ផ្សារទំនើបជាដើម បើមិនត្រូវតាមស្ដង់ដារ និងការណែនាំរបស់ក្រសួងទេ គឺអភិបាលរាជធានី-ខេត្ត មានសិទ្ធិបិទអាជីវកម្មបណ្ដោះអាសន្នតែម្ដង ដោយមិនចាំបាច់សួរយោបល់មកនាយករដ្ឋមន្ដ្រីឡើយ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ថា វិធានការណ៍ដែលត្រូវប្រកាន់យក៤យ៉ាងនេះ ជាប្រធានបទគន្លឹះដើម្បីទប់ទល់ជាមួយជំងឺកូវីដ-១៩ ដោយត្រូវចាត់ទុកខ្លួនយើងជាអ្នកខ្លាច ព្រោះយើងខ្លាចទើបយើងឈ្នះកូវីដ ហើយប្រសិនបើយើងធ្វើជាអ្នកខ្លាំង ច្បាស់ជាចាញ់ជាក់ជាមិនខានឡើយ។
គួរជម្រាបថា ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» រហូតមកដល់ពេលនេះ មានអ្នកឆ្លងសរុបចំនួន៤១នាក់ ដែលសម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍នេះកម្ពុជាអាចគ្រប់គ្រងបាន ប៉ុន្ដែមិនទាន់បិទបញ្ចប់នៅឡើយទេ ដរាបណាអ្នកដែលត្រូវធ្វើចត្តាឡីស័កទាំងអស់ មិនទាន់គ្រប់ចំនួនថ្ងៃកំណត់៕