(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅពេលដែលនិយាយដល់វ៉ាក់សាំងជំងឺកូវីដ-១៩ សម្តេចព្រឺរោម ព្រោះវាបានក្លាយជាចលនាជាតិ និងជាខឿនការពារសុខភាពរបស់ប្រជាជន ជាពិសេស គឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលប់។
ការបង្ហាញអារម្មណ៍ព្រឺរោម របស់សម្តេចតេជោ ហ៊ុន សែន គឺបានធ្វើឡើងក្រោយពេលសម្តេចបានបង្ហោះសារលើ Page Facebook ផ្លូវការកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ដោយឥតគិតថ្លៃ។ ដែលធ្វើឱ្យអង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ ពោលគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩។
ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញថ្លែងសារពិសេស ផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩។ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ៖
«នៅពេលដែលខ្ញុំនិយាយដល់បញ្ហាវ៉ាក់សាំង (កូវីដ-១៩) ខ្ញុំព្រឺរោមភ្លាម ខ្ញុំអត់នឹកស្មានថាបញ្ហាវ៉ាក់សាំង បានក្លាយទៅជាចលនាជាតិដ៏ធំ ហើយវាបានក្លាយទៅជាខឿនការពារសុខភាពរបស់ប្រជាជនដែលជាយុទ្ធសាស្ត្រដ៏លំទូលាយ និងស៊ីជម្រៅនៅក្នុងជាតិសាសន៍របស់យើងច្រើនយ៉ាងណាស់ ជាពិសេស គឺស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ក្នុងចំនួនដ៏ច្រើនលើសលុប។
«ខ្ញុំសូមបញ្ជាក់ថា នៅពេលដែលខ្ញុំបង្ហោះ Facebook ចេញខ្ញុំអត់បានគិតទៅលើការចូលរួមវិភាគទាន ពីសំណាក់ប្រជាពលរដ្ឋនោះទេ ហើយនៅក្នុងសារនោះខ្ញុំក៏មិនបានអំពាវនាវឱ្យមានការចូលរួមរបស់ប្រជាជនទេ ដែលខុសពីម នុស្សខ្លះនិយាយថា លោក ហ៊ុន សែន រ៉ៃអង្គាស និងរហូតដល់ប្រើពាក្យថារ៉ៃអង្គាសយកមកបើកប្រាក់ខែ ដោយសារតែអត់មានលុយបើកប្រាក់ខែ (ជូនមន្ត្រីរាជការ) តែខ្ញុំសូមបញ្ជាក់ថា ទឹកប្រាក់ដែលទទួលបានពីការបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋ និងសប្បុរសជនមិនបាន ១ភាគ៤ នៃប្រាក់ខែដែលត្រូវចំណាយ ដែលក្នុង១ខែ ជាង២០០លានដុល្លារ នោះទេ»។
ពាក់ព័ន្ធនឹងចំណុចនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅអ្នករិះគន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថា សូមកុំមានការភាន់ច្រឡំឱ្យសោះ និងជាពិសេសសូមកុំមើលស្រាលទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យសោះ។ ជាមួយគ្នានេះដែរ សម្តេចបង្ហាញអារម្មណ៍មិននឹកស្មានថា ប្រជាជនកម្ពុជា និងមហាជនគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគនូវថវិកាផ្ទាល់មកឱ្យរាជរដ្ឋាភិបាល ក្នុងគ្រាជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ នេះនោះដែរ។
សម្តេចតេជោ ហ៊ុន សែន «បានចាត់ទុកការបរិច្ចាគថវិកាពីសំណាក់ប្រជាជនកម្ពុជា និងសប្បុរសជននានា គឺជាចលនាជាតិដ៏ធំទូលំទូលាយ ដែលខ្ញុំប្រសិទ្ធនាមថា «ជាខឿនការពារសុខភាពរបស់ប្រជាជន» ហើយដែលខ្ញុំប្រៀបធៀប វាទៅហ្នឹងចលនាជាតិ ដែលជាខឿនការពារជាតិរបស់ប្រជាជន ឆ្នាំ២០០៨, ២០១១ និងមានរហូតមកដល់សព្វថ្ងៃ ជាខឿនការពារជាតិរបស់ប្រជាជន»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្តេចទទួលបានព័ត៌មានពីការបរិច្ចាគថវិកាដំបូងពីអង្គភាពព័ត៌មាន Fresh News ដែលបានបរិច្ចាគថវិកាចំនួន ៧លានដុល្លារ ពីសំណាក់ឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន ១លានដុល្លារ, អ្នកឧកញ៉ាក គិត ម៉េង បរិច្ចាគចំនួន ៣លានដុល្លារ និងឧកញ៉ា ហុង ពីវ ចំនួន ៣លានដុល្លារ តាមរយៈការផ្សាយព័ត៌មានរបស់ Fresh News។
តាមរយៈសកម្មភាពបរិច្ចាគថវិកាផ្ទាល់ខ្លួនពីសំណាក់ឧកញ៉ាទាំង ៣រូបខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក៏មានប្រជាជនកម្ពុជា ព្រះសង្ឃ ជនពិការ និងកុមារជាដើម បន្ថែមពីនេះមានធនាគារមួយចំនួនដាក់លេខគណនីរបស់ខ្លួន ដើម្បីឱ្យប្រជាជន និងសប្បុរសជននានា អាចបាញ់ថវិកាដែលខ្លួនមានបំណងបរិច្ចាគមករាជរដ្ឋាភិបាលដោយងាយស្រួលជាដើម តាមរយៈសកម្មភាពយ៉ាងផុសផុលនេះ សម្តេចបានហូរទឹកភ្នែកពេលឃើញមហាជនចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងកូវីដ-១៩ និងជាការចូលរួមនេះ គឺមហាសាល និងធំធេងណាស់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្នកតិះទៀនរឿងការចូលរួមថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ គឺជាការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ខណៈព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥០ម៉ឺនដុល្លារ និងសម្តេចម៉ែចំនួន ៥០ម៉ឺនដុល្លារ ព្រមទាំងទឹកព្រះទ័យព្រះសង្ឃ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល ដែលបានបរិច្ចាគព្រះរាជទ្រព្យ បច្ច័យ និងថវិកាជាមួយរាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា តាមរយៈចលនាបរិច្ចាគថវិកាពីសំណាក់សប្បុរសជននានា គឺដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់លើរាជរដ្ឋាភិបាល ប្រសិនបើប្រជាពលរដ្ឋមិនមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជានោះទេ ច្បាស់ណាស់នឹងមិនមានចលនាចូលរួមបរិច្ចាគថវិកា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាដាច់ខាត។
ជាមួយនឹងថវិកាដែលទទួលបានពីការបរិច្ចាគសំណាក់អង្គព្រះមហាក្សត្រ សម្តេចម៉ែ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសប្បុរសជននានានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូម្សិលមិញ រាជរដ្ឋាភិបាលទទួលបានថវិកាពីការបរិច្ចាគសម្រាប់ទិញវ៉ាក់សាំង ចំនួន៤៨,០៩៣,៩០៥.១៣ដុល្លារ និង ៣,៩០០លានរៀល ដែលរហូតមកដល់ពេលនេះ មានសប្បុរសជន ចំនួន៣៨,៤១១នាក់ហើយ ដែលបានចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល៕