(កំពង់ចាម)៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៦ ជុំវិញរឿង ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រាំងយ៉ាម ក្នុងស្រុកស្រីសន្ធរ បានអះអាងប្រាប់ថា អាជ្ញាធរបានឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធមួយ ចាប់ពីអាជ្ញាធរថ្នាក់មូលដ្ឋាន-ភូមិ-ឃុំ រហូតដល់អភិបាលស្រុកស្រីសន្ធរ ដែលរយៈពេលចុងក្រោយនេះ បានដើរបំផុសឱ្យប្រជាពលរដ្ឋ ដែលកាន់កាប់ដីអាស្រ័យផល ដែលជាដីព្រៃវាលបឹងជម្រកត្រីពងកូន អតីតដែនឡូត៍នេសាទរបស់រដ្ឋ នៅក្នុងភូមិសាស្ត្រ ឃុំចំនួន៣ គឺឃុំបារាយណ៍, ឃុំប្រាំងយ៉ាម និងឃុំព្រែករំដេង ក្នុងស្រុកស្រីសន្ធរ ធ្វើការលក់ដីទៅឱ្យក្រុមឈ្មួញដែលមានមេខ្យល់រត់ការចាំទិញ។
ក្រោយពីបានទទួលព័ត៌មានតាមបណ្តាញព័ត៌មានភ្លាម លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម បានបញ្ជាឲ្យមានការបង្កើតក្រុមការងារចំរុះមួយ និងបានកំណត់ឲ្យក្រុមការងារនេះចុះស្រាវជ្រាវ ដល់មូលដ្ឋានភ្លាមៗ។ ក្រុមការងារដែលរួមមានលោកអភិបាល អភិបាលរងស្រុក ប្រធានមន្ទីរធនធានទឹក និងឧតុនិយម លោកប្រធានខ័ណ្ឌរដ្ឋបាលជលផល មេឃុំ និងមេភូមិពាក់ព័ន្ធទាំងអស់ ព្រមទាំងសមត្ថកិច្ចស្រុក ឃុំ បានចុះទៅសិក្សាស្រាវជ្រាវដោយផ្ទាល់ដល់មូលដ្ឋានឃុំប្រាំយ៉ាម ហើយបានជួបប្រជុំគ្នា ដោយថែមទាំងមានការចូលរួមពីប្រជាពលរដ្ឋទៀតផង ។ ជាលទ្ធផលបឋម ទាំងមេឃុំ មេភូមិ និងប្រជាពលរដ្ឋ បានអះអាងគ្មានឈ្មោះ ធឿន ប៊ុនធី នៅក្នុងឃុំប្រាំយ៉ាមទេ ហើយព័ត៌មានដែលថា អាជ្ញាធរស្រុក ឃុំ និងភូមិឃុបឃិតគ្នាបំផុសប្រជាពលរដ្ឋឲ្យលក់ដី ក៏មិនដែលលឺដែរ។
ទោះយ៉ាងណាក្រុមការងារនេះនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីឲ្យដឹងអំពីការពិតនៃរឿងនេះ។
សូមជំរាបថា នាថ្មីៗនេះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ឃុំចំនួន៣ គឺឃុំបារាយណ៍, ឃុំប្រាំងយ៉ាម និងឃុំព្រែករំដេង ក្នុងស្រុកស្រីសន្ធរ បានអះអាងបញ្ជាក់ថា មេភូមិ មេឃុំ និងអាជ្ញាធរស្រុក ឈរចាំស៊ីញ៉េ និងសម្រួលលើឯកសារទិញលក់ ដីព្រៃជម្រកត្រីពងកូនទាំងនោះទៅឲ្យឈ្មួញ។
មន្រ្តីមួយរូបនៅស្រុកស្រីសន្ធរបាននិយាយ ក្នុងលក្ខណៈសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា តាមលោកដឹងការបំផុសឱ្យប្រជាពលរដ្ឋលក់ដីព្រៃវាលបឹង ដែលជាអតីតដែនឡូត៍នេសាទរបស់រដ្ឋ នៅឃុំបារាយណ៍ គឺនៅចំណុចបឹងនួនស និងបឹងកក់, ឃុំប្រាំងយ៉ាម នៅចំណុចបឹងត្រាំ, ឃុំព្រែករំដេង នៅចំណុចបឹងក្រពើ គឺចាប់ផ្តើមកើតឡើងនៅអំឡុងពាក់កណ្តាលខែមករា រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៦នេះ លើផ្ទៃដីបឹងរាប់ពាន់ហិកតា មកហើយ ហើយសកម្មភាពនេះកំពុងបន្តយ៉ាងខ្លាំង ដែលអាជ្ញាធរមូលដ្ឋាន រហូតថ្នាក់ស្រុក ឃុបឃិតគ្នាស៊ីញ៉េលើឯកសារទាំងទទឹងទិស ដោយមិនគិតពីផ្លូវច្បាប់ ខុសឬត្រូវយ៉ាងណានោះទេ។
ពាក់ព័ន្ធករណីខាងលើនេះ មិនអាចទំនាក់ទំនងសុំការបំភ្លឺណា លោកអភិបាលស្រុកស្រីសន្ធរបានទេ៕