Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលត្រូវរៀបអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ (Video inside)

15-12-2020 15:53

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា អ្នកដែលត្រូវរៀបចំអាពាហ៍ពិពាហ៍ គួររៀបចំតាមគន្លងថ្មី បើសិនកូនៗពិបាករង់ចាំ ដោយធ្វើពិធីក្នុងរង្វង់គ្រួសារ ហើយចាំកូវីដ-១៩បានបញ្ចប់ ចាំរៀបចំពិធីធំដុំតាមក្រោយ ក៏មិនយឺតពេលដែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសផ្ញើជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ដោយមានការផ្សាយផ្ទាល់ តាមទូរទស្សន៍ជាតិកម្ពុជា និងបណ្តាញទូរទស្សន៍ស្ទើរទាំងអស់នៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានមួយករណី ដែលជាករណីគំរូ ចែកសំបុត្រការហើយ តែអត់លុបការចោលទេ...ប៉ុន្ដែធ្វើតាមរប្រៀបគន្លងថ្មី...ការឲ្យគ្នាតាមរបៀបសែនព្រេនសិន ចាំកូន១ កូន២ ការក៏មិនទាន់យឺតពេលដែរ បើសិនជាទ្រាំមិនបាន»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជួនកាលអ្នកខ្លះ បានខកទៅហើយ ក្នុងការរៀបអាពាហ៍ពិពាហ៍ ដូច្នេះសែនព្រេនបន្ដិចបន្ដួចក៏បាន ព្រោះការសែនព្រេន អាចចាត់ទុកដូចបានការដូចគ្នា ហើយបើសិនជាចង់រៀបចំពិធីធំ ចាំកូវីដចប់សិន ក៏មិនទាន់យឺតពេលដែរ។

សម្ដេចតេជោ បានឲ្យដឹងទៀតថា កាលដែលសម្ដេចការ គឺការរហូតដល់១៣គូ ក្នុងពេលតែមួយឯណោះ ហើយគ្មានអ្នកណាដេញថ្ងៃនោះឡើយ តែសម្ដេចនៅតែសុខ ជាមួយប្ដី-ប្រពន្ធជារៀងរហូត និងមានចៅរហូតដល់២២នាក់ ដែលមានចៅច្រើនជាងគេ ក្នុងចំណោមមេដឹកនាំបណ្ដាប្រទេសអាស៊ី។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ និងបទបញ្ជាចំនួន៤ ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍ ទប់ស្កាត់នឹងជំងឺកូវីដ-១៩ រួមមាន៖

១៖ តាមដានអ្នកនៅសេសសល់មិនទាន់ធ្វើតេស្តគ្រប់ចំនួន ឬធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃឲ្យបានម៉ឺងម៉ាត់។ អាជ្ញាធរត្រូវពិនិត្យ កុំពឹងផ្អែកលើគ្រូពេទ្យ គ្រពេទ្យហត់ណាស់ហើយ។

២៖ ត្រូវអនុវត្ត ៣ការពារ (១៖ ពាក់ម៉ាស់, ២៖ លាងដៃ, ៣៖ គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឲ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង)។

៣៖ ត្រូវអនុវត្ត ៣កុំ (១៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, ២៖ កុំទៅកន្លែងមនុស្ស ច្រើនកុះករ។ ៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទង ទៅគ្រូពេទ្យ)។

៤៖ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប និងធនាគារ ត្រូវត្រួតពិនិត្យបើគ្មានម៉ាសមិនឲ្យចូល វ៉ាស់កម្តៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាត តាមបន្ទប់ទឹកត្រូវមានសាប៊ូលាងដៃ។

គូសបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ បានចេញបទបញ្ជាបន្ទាន់មួយ ដោយប្រកាសមិនអនុញ្ញាតឲ្យមាន ការជួបជុំមនុស្សច្រើន មិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល១៥ថ្ងៃ៕