(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា សម្តេចសប្បាយចិត្តខ្លាំង បន្ទាប់ពីបានជួបសួរសុខទុក្ខ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក ទោះបីសម្តេចនឿយហត់ជាមួយការធ្វើដំណើរជាង ២០ម៉ោងក៏ដោយនោះ។
សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចេញពីកម្ពុជានៅវេលាម៉ោងជាង ៧ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ហើយបានអញ្ជើញទៅដល់ទីក្រុង San Francisco សហរដ្ឋអាមេរិក នៅម៉ោងប្រមាណ ៨៖៣០នាទីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២១០៦ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយសម្តេច និងគណៈប្រតិភូបានបន្តដំណើរទៅដល់កន្លែងកន្លែង ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងរដ្ឋ California នៅម៉ោង១រសៀល (ម៉ោងនៅអាមេរិក) ត្រូវនិងម៉ោង៤ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានផ្លាស់ប្តូរជើងហោះហើររហូតដល់ទៅ៣ដង មុននិងទៅដល់កន្លែងចូលរួមកិច្ចប្រជុំ។ បើទោះបីជាចំណាយថាមពល និងមានការនឿយហត់ខ្លាំងក្នុងការធ្វើដំណើរយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងពេលព្រឹកព្រលឹមថ្ងៃទី១៥ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា) បានឈ្លៀតជួបសំណេះសំណាលជា មួយប្រជាពលរដ្ឋខ្មែរប្រមាណ ៦០០នាក់ នៅសណ្ឋាគារ Hyatt Regency ក្នុងក្រុង Rancho Mirage រដ្ឋ California។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅលើទំព័រ Facebook របស់សម្តេចថា «ខ្ញុំសប្បាយចិត្តណាស់ ដែលបានជួបជុំសួរសុខទុក្ខបងប្អូនខ្មែរ យើងនៅទីនេះ។ ទោះបីមានការនឿយហត់ខ្លះៗ ដោយសារការធ្វើដំណើរជាង ២០ ម៉ោងមកក៏ដោយ»។ «ខ្ញុំបានឃើញនូវសន្ទុះ នៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ-អាមេរិកនៅទីនេះ គឺកាន់តែផ្តល់នូវទំនុកចិត្ត និងក្តីសង្ឃឹមយ៉ាងខ្លាំងដល់ការចូលរួម របស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដើម្បីថែរក្សាការពារសន្តិភាព និង ការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិយើង»។ សម្តេចតេជោ បានថ្លែងអំណរគុណជនរួមជាតិ ដែលបានមកជួបជុំសំណេះសំណាលជាមួយសម្តេច។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការអញ្ជើញទៅកាន់ទឹកដីអាមេរិកពេលនេះ ដោយសារកម្ពុជាជាសមាជិកអាស៊ាន ដែលមានភារកិច្ចរួមជាមួយសមាជិកអាស៊ានផ្សេងទៀត ធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅលើកកំពស់កិច្ចសហការឱ្យ កាន់តែខ្ពស់ថែមទៀត។
ក្នុងជំនួបសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅអាមេរិកទាំងអស់ ឲ្យចេះរួបរួមគ្នា និងកុំឈ្លោះប្រកែកគ្នាបើទៅបីមកពីបក្សនយោបាយណា ក៏ដោយ។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ទោះបីនរណាកាន់បក្សណា ឬកាន់សាសនាអ្វី គឺយើងរួមគ្នា ដើម្បីផលប្រយោជន៍ជាតិ។ សូមមេត្តាកុំទាស់គ្នា ទាស់គ្នាក្នុងស្រុកហើយ មកទាស់គ្នានៅក្រៅស្រុកហែកហួរបំផ្លាញសេចក្តីសុខរបស់ខ្មែរ ឲ្យបរទេសជាន់ឈ្លីមើល ងាយជាតិសាសន៍យើង»៕