(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមិថុនារហូតដល់ខែវិច្ឆិកា ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអស់ ១៦០ លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ និងត្រៀមបន្តការងារនេះសម្រាប់រយៈពេលបីខែទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១ ខាងមុខ។

ការបញ្ជាក់បែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំឭកពីកម្មវិធីផ្ដល់សាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្តចំនួន ៣ ដំណាក់កាល ឬ ៣ ជុំ រួមមាន៖

* ជុំទី១៖ ត្រូវបានធ្វើឡើងរយៈពេលពីរខែ គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី២៤ ខែកក្កដា។ នៅខែមិថុនា ឆ្នាំ២០២០ ក្រុមការងារបានចុះស្រង់ទិន្នន័យ និងបានរកឃើញថាមានគ្រួសារក្រីក្រចំនួន ៥៣,៨៣៨ គ្រួសារ ដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩នេះ ភ្លាមៗនោះ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាចំនួន ៩៤ ពាន់លានរៀល ដើម្បីបើកផ្ដល់ជូនគ្រួសារក្រីក្រទាំងនោះ។ នៅខែកក្កដា ក្រុមការងារបានបន្តរកឃើញគ្រួសារក្រីក្រចំនួន ៥៩៨,៥១២ គ្រួសារបន្ថែមទៀត និងបានចំណាយថវិកាបន្ថែមអស់ប្រមាណ ១០៦ ពាន់លានរៀល។

* ជុំទី២៖ ត្រូវបានធ្វើឡើងរយៈពេលពីរខែ ចាប់ពីខែសីហា-កញ្ញា។ នៅខែសីហានេះ ចំនួនគ្រួសារក្រីក្របានកើនឡើងដល់ទៅ ៦៤៤,៦៦៥ គ្រួសារ ដែលបានបើកថវិកាជូន ១១៥ ពាន់លានរៀល។ នៅខែកញ្ញា ចំនួនគ្រួសារក្រីក្របានកើនឡើងដល់ ៦៦១,៦៨៤ គ្រួសារ ដោយបានបើកថវិកាផ្ដល់ជូន ១១៨ ពាន់លានរៀល។

* ជុំទី៣៖ ត្រូវបានចាប់អនុវត្តនៅខែតុលា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ នៅខែតុលា ក្រុមការងារបានរកឃើញថាចំនួនគ្រួសារក្រីក្របានបន្តកើនឡើងដល់ ៦៧៤,១៤៦ គ្រួសារ ដែលត្រូវបើកថវិកាជូនអស់ប្រមាណ ១២០ ពាន់លានរៀល។ នៅខែវិច្ឆិកា ទិន្នន័យគ្រួសារក្រក្រីបានកើនដល់ ៧៣,៥៩២ គ្រួសារ ដែលត្រូវបើកថវិកាផ្ដល់ជូន ១២៦ ពាន់លានរៀល ប៉ុន្តែការបើកថវិកាក្នុងខែវិច្ឆិកានេះនៅបន្តធ្វើមិនទាន់ចប់នៅឡើយទេ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ចាប់តាំងពីចាប់ផ្ដើមបើកថវិកាជូនគ្រួសារក្រីក្រដំបូងរហូតដល់ពេលនេះ គឺរាជរដ្ឋាភិបាលបានចំណាយថវិកាអស់ប្រមាណ ៦៧៤ ពាន់លានរៀល ឬស្មើនឹងប្រហែល ១៦០ លានដុល្លារអាមេរិក»

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្មវិធីផ្ដល់សាច់ប្រាក់ជូនគ្រួសារក្រីក្រនៅជុំទី៣នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែដោយមើលឃើញសភាពការណ៍មិនទាន់ធូរស្រាលទេ សម្ដេចតេជោបានសម្រេចប្រកាសចេញដោយផ្ដល់ជំនួយជាសាច់ប្រាក់ជូនប្រជាជនក្រីក្រនៅជុំទី៤ សម្រាប់រយៈពេលបីខែតទៅទៀត គឺចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២១។ នៅពេលដល់ខែមីនា ឆ្នាំ២០២១ ខាងមុខនោះ សភាពការណ៍ជំងឺកូវីដ-១៩ នៅមិនទាន់ស្រាក់ស្រានទេ រាជរដ្ឋាភិបាលនឹងបន្តការងារនេះទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលបានបម្រុងថវិកាទុកប្រមាណ ២០០ លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនគ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩។ សម្ដេចតេជោបានបញ្ជាក់ថា ប្រសិនបើចំនួនថវិកានេះមិនគ្រប់គ្រាន់ រាជរដ្ឋាភិបាលក៏នៅមានថវិកាបន្ថែមសម្រាប់ដោះស្រាយផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា បើទោះបីជាដល់ខែមីនា ឆ្នាំ២០២១ ខាងមុខនោះ ស្ថានភាពជំងឺកូវីដ-១៩ ឈានដល់សភាពស្ងប់ស្ងាត់ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនព្រលែងដៃចោលដែរ គឺត្រូវមានចំណាត់ការអន្តរកាលណាមួយ ដូចជាការបន្ថយចំនួនថវិកាក្នុងការផ្ដល់ជូនពួកគាត់បន្តិចម្ដងៗតាមរយៈពេលសមស្របណាមួយ។

សម្ដេចបានបន្តថា ថវិកាដែលប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាខាងលើនេះ គឺបានមកពីចំណូលដែលប្រមូលបានពីពន្ធក្នុងស្រុក (ពន្ធដារ) ចំណូលមិនមែនសារពើពន្ធ ពន្ធគយជាដើម ដែលសរុបជាថវិកាមានប្រមាណ ៤,៥០០ លានដុល្លារអាមេរិក។

សម្ដេចបានបន្តឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានៅមានកម្មវិធីគាំពារប្រជាជនច្រើនទៀត ដូចជាកម្មវិធីសាច់ប្រាក់សម្រាប់ការងារនៅទីជនបទ ដែលបន្ថែមថវិកាឡើងរហូតដល់ ១៥០ លានដុល្លារអាមេរិក៕