(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ជំហរជាថ្មី គ្រាដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។
តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូ នៅលើបណ្ដាញទូរទស្សន៍ជាតិ និងទូរទស្សន៍សំខាន់ៗនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចប្តេជ្ញាមិនប្រើប្រាស់ច្បាប់ដាក់ប្រទេសក្នុងភាពមានអាសន្ន នាពេលនេះឡើយ គឺសម្តេចសុខចិត្តអំពាវនាវដោយទទូច ឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជំនួសវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញឯកសារមួយចំនួន ដែលគណបក្សប្រជាជនកុម្ពុជា បានត្រៀមបម្រុងសំដៅលើពង្រាងព្រះរាជក្រឹត្យ ស្ដីពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្ន ពង្រាងអនុក្រឹត្យស្ដីពីវិធានការសម្រាប់ការគ្រប់គ្រងប្រទេសនៅក្នុងភាពអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ នៅក្នុងសហគមន៍ និងលិខិតថ្វាយព្រះមហាក្សត្រ ក៏ដូចជាលិខិតទៅប្រធានរដ្ឋសភា និងព្រឹទ្ធសភាផងដែរ ដើម្បីសុំការយល់ព្រមស្របទៅតាមច្បាប់។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែខ្ញុំប្ដេជ្ញាថា ខ្ញុំនឹងមិនប្រើប្រាស់វាទេ ខ្ញុំសុខចិត្តអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជំនួសវិញ ព្រោះប្រសិនប្រើប្រាស់ គឺប្រជាពលរដ្ឋយើងនឹងត្រូវបាត់បង់ធំធេងណាស់»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃថា សភាពការណ៍នៅពេលនេះប្រជាពលរដ្ឋកម្ពុជាពិតជាបាន ចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្ដេចបានបញ្ជាក់ថា «បើគ្មានការចូលរួមពីប្រជាពលរដ្ឋកុំសង្ឃឹមថាយើងអាចត្រួតត្រាសភាពការណ៍បាន ឥឡូវនេះសភាពការណ៍ស្ថិតនៅក្រោមការត្រួតត្រារបស់យើងហើយ»។
«ច្បាប់គ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» ដែលជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗ ត្រូវបានប្រមុខរដ្ឋស្តីទី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជា និងពិភពលោក រងនូវការវាយប្រហារដោយជំងឺកូវីដ១៩។
ច្បាប់នេះជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់ រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
ទោះជាយ៉ាងនេះក្តី ក្នុងស្ថានការណ៍ចុងក្រោយនេះ សម្ដេចតេជោ ហ៊ុន សែន មានជំនឿថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នឹងបញ្ចប់ក្រោមវិធានការមួយចំនួន ដែលត្រូវបានដាក់ចេញដោយ រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យជនរួមជាតិទាំងអស់ រក្សាស្ថានភាពដែលកម្ពុជាកំពុងអនុវត្តនេះ ដើម្បីរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយអនុវត្តរាល់វិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕