(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានត្រៀមឃ្លាំង ដែលអាចទុកវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ក្នុងសីតុណ្ហភាពរហូតដល់ -៨០អង្សា ឬក្រោមនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអះអាងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩រហូតដល់ ២៦លានដូស ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ចាប់ពី ៨០ភាគរយឡើងទៅ ស្មើនឹងក្នុងរង្វង់ ១៣លាននាក់។ សម្តេចតេជោ ក៏បានណែនាំដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល គិតគូរលើរឿងដឹកជញ្ជូនវ៉ាក់សាំងផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «វ៉ាក់សាំង! ខ្ញុំព្រះករុណាខ្ញុំបាននិយាយហើយ យើងមានតម្រូវការរហូតទៅដល់ ២៦លានដូស... ឃ្លាំងកំពុងរៀបចំ ដែលមានកម្រិតរក្សាទុករហូតដល់ -៨០អង្សា។ ពេលដែលមានវ៉ាក់សាំងនេះ ក៏ត្រូវគិតអំពីស្ថានភាពនៃការដឹកជញ្ជូន ដែលខ្ញុំសូមស្នើឲ្យឯកឧត្តម ម៉ម ប៊ុនហេង និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ត្រូវធ្វើការគិតគូរទៅលើការដឹកជញ្ជូន»។
សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ តាមរយៈ Facebook បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោបានថ្លែងថា ពេលសម្តេចបង្ហោះរឿងត្រៀមវ៉ាក់សាំងកូវីដ១៩ សម្តេចមិនបាននឹកដល់ការចូលរួមរបស់សប្បុរសជននោះទេ។
ទោះជាយ៉ាងណាក៏ដោយ ទាំងអង្គព្រះមហាក្សត្រ សម្តេចម៉ែ ព្រះសង្ឃ មន្ត្រីរាជការ ពោលគឺប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដ១៩។ ពេលនិយាយដល់វ៉ាក់សាំងកូវីដ១៩ ធ្វើឲ្យសម្តេចតេជោព្រឺរោម ព្រោះប្រការនោះបានខ្លាចជាចលនាជាតិ និងជាខឿនការពារជាតិ ជាពិសេសគឺស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ក្នុងចំនួនដ៏ច្រើនលើសលុប។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅអ្នកថាសម្តេចបង្កើតព្រឹត្តិការណ៍ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីប្រមូលលុយបើកប្រាក់ខែមន្ត្រីថា ជាការប្រមាថដ៏ធ្ងន់។ សម្តេចតេជោ ចាត់ទុកថា អ្នកតិះទៀនរឿងចូលរួមថវិកាទិញវ៉ាក់សាំងនេះ គឺជាការប្រមាថទឹកព្រះទ័យព្រះមហាក្សត្រ សម្តេចម៉ែ ទឹកព្រះទ័យព្រះសង្ឃ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា រាជរដ្ឋាភិបាល បានត្រៀមថវិកា ១០០ ទៅ២០០លានដុល្លារ សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩។ ទន្ទឹមនឹងនេះ សម្តេចគូសបញ្ជាក់ថា កម្ពុជាទទួលទិញវ៉ាក់សាំងរបស់ប្រទេសណា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការយោគយល់ពីប្រទេសផលិតវ៉ាក់សាំងផងដែរ ចំពោះការបញ្ជាក់ជំហររបស់សម្តេច។ សម្តេចតេជោ បានបន្តថា មកដល់ពេលនេះមិនទាន់មានវ៉ាក់សាំងណាមួយ ត្រូវបានទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនៅឡើយទេ។ សម្តេចតេជោ បានថ្លែងបន្ថែមថា អ្នកត្រូវទទួលបានវ៉ាក់សាំងមុនគេនេះ រាប់ចាប់តាំងពីអ្នកប្រមូលសំរាម អនាម័យ តាក់ស៊ី កង់៣ បុព្វជិតសាសនា កីឡាករ កីឡាការិនិ មន្ត្រីអប់រំ ពេទ្យជាដើម៕