Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្មេងទំនើងជាច្រើននាក់ ត្រូវកម្លាំងជំនាញខេត្តបន្ទាយមានជ័យ ឃាត់យកមកធ្វើការអប់រំ និងឱ្យចុះកិច្ចសន្យា បើមិនរាងចាលនឹងអនុវត្តតាមវិធានការដ្ឋបាល

15-12-2020 14:10

(បន្ទាយមានជ័យ)៖ ក្រោយទទួលបានបញ្ជារពីលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យចុះបង្ក្រាបក្រុមក្មេងទំនើងនៅតាមផ្លូវសាធារណៈ ដើម្បីថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងដើម្បីភូមិឃុំ មានសុវត្ថិភាព, លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំក្រុមអន្តរាគមន៍ផែនព្រហ្មទណ្ឌ សហការជាមួយកំលាំងនគរបាលក្រុងសិរីសោភ័ណ ចុះបង្ក្រាបបានក្មេងទំនើងបានជាច្រើននាក់ យកទៅអប់រំ និងឱ្យចុះកិច្ចសន្យា បញ្ឈប់សកម្មភាពទៀត។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយកម្លាំងជំនាញបង្ក្រាបបានក្មេងទំនើង១ក្រុម ក្នុងនោះមាន៖ បង្ហោះម៉ូតូ ម៉ូតូដាក់ស៊ីម៉ាំងកែច្នៃ ស៊ីម៉ាំងប្រែន វាយតបគ្នា និងបានឃាត់ខ្លួនយកមកស្នងការដ្ឋាន ដើម្បីដកហូតបំពង់ស៊ីម៉ាំងកែច្នៃរក្សាទុក និងប្ដូរដាក់ស៊ីម៉ាំងធម្មតាវិញ។

លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត បានឲ្យដឹងថា ការបង្ក្រាបក្មេងទំនើងទាំងអស់នេះ គឺដើម្បីថែរក្សាសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដែលបានបង្កចលាចល អស្ថេរភាព នៅតាមដងផ្លូវសាធារណៈ ពិសេសគឺទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍។

លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត បានបញ្ជាក់ឲ្យដឹងទៀតថា ក្រុមក្មេងទំនើងទាំងនេះ កម្លាំងនគរបាលក្រុង បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា រួចកោះហៅឪពុកម្តាយ ឬអាណាព្យាបាល មកធ្វើការធានាយកទៅអប់រំបន្ត តែបើមានជាលើកក្រោយទៀត នគរបាលនិងអនុវត្តតាមវិធានការដ្ឋបាល ប្រហែលបញ្ជូនទៅដេកគុក៕