(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានដាក់លិខិតជូន អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដើម្បីមានវិធានការសន្តិសុខការពារដល់ ទីស្នាក់ការរបស់គណបក្សសង្រ្គោះជាតិ រួមទាំងផ្ទះរបស់លោក សម រង្ស៊ី និង លោក កឹម សុខា នៅពេលមានបាតុកម្ម។
តាមរយៈសំណើរបស់គណៈកម្មាធិការប្រតិបត្តិរបស់ គណបក្សសង្រ្គោះជាតិ ដែលចេញនៅថ្ងៃនេះបានឱ្យដឹងថា «នាពេលថ្មីៗនេះ មានបុគ្គលមួយចំនួនបានផ្សព្វផ្សាយ តាមបណ្តាញសង្គម Facebook និងសារព័ត៌មាន ដោយគម្រាថា នឹងរៀបចំធ្វើបាតុកម្មប្រឆាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកការគណបក្សសង្រ្គោះជាតិ ព្រមទាំងរំលាយគណបក្សសង្រ្គោះជាតិថែមទៀត។ ព័ត៌មាននេះ គឺជាការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាព របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សសង្គ្រោះជាតិទាំងមូល»។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ គណបក្សសង្រ្គោះជាតិ ក៏បានស្នើដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ ដើម្បីចេញវិធានការការពារដល់សន្តិសុខ សុវត្ថិភាព ជូនដល់តំណាងរាស្រ្ត ថ្នាក់ដឹកនាំ និងសមាជិករបស់ខ្លួន បន្ទាប់ពីមានការព្រមានធ្វើបាតុកម្មប្រឆាំងគណបក្សនេះ ដោយក្រុមយុវជនមួយចំនួន ដែលមានសមានចិត្តជាមួយ គណបក្សប្រជាជន។
ទោះជាយ៉ាងនេះក្តី លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងថា រហូតមកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ CNRP នៅមិនទាន់ទទួលបានលិខិតឆ្លើយ ឬចម្លើយពីក្រសួងមហាផ្ទៃនៅឡើយទេ ជុំវិញការស្នើសមត្ថកិច្ចការពារខ្លួននៅពេល មានបាតុកម្មប្រឆាំងពីក្រុមសម្ព័ន្ធយុវជន គាំទ្រគណបក្សប្រជាជនកម្ពុជា៕