(ភ្នំពេញ)៖ កូនបំណុលក្នុងសំណុំរឿងរដ្ឋប្បវេណី បានចោទប្រកាន់លោក ហ្គូវ ឆេងលុយ ជាម្ចាស់បំណុលថា បាននឹងកំពុងឃុបឃិតជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីរំលោភយកដីសមូហភាពរបស់ភូមិសេប៉េសេ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ធ្វើជាកម្មសិទ្ធិឯកជន។ កូនបំណុលបានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធទប់ស្កាត់ និងអន្តរាគមន៍ កុំឲ្យការប៉ុនប៉ងនេះបានសម្រេច ព្រមទាំងត្រូវមានចំណាត់ការតាមផ្លូវច្បាប់ ដល់ជនខិលខូចទាំងនេះ។
លោក ប៉ែន ប៊ុនអេង អាយុ៤២ឆ្នាំ មានទីលំនៅផ្ទុះលេខ១៦៧ ផ្លូវលំ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បាននិយាយថា ឈ្មោះ ហ្គូវ ឆេងលុយ បាននឹងកំពុងឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីរំលោភយកដីសមូហភាពទំហំ ១១,៥ម៉ែត្រការ៉េ គុណនឹង ១១,៥ម៉ែត្រការ៉េ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប៉ះពាល់ដល់ប្រជាពលរដ្ឋ ខណៈពេលដែលគណៈកម្មការចម្រុះ ពុំទាន់ចុះអនុវត្តសាលដីកាស្ថាពរតុលាការកំពូលផងនោះ។
តុលាការកំពូល កាលពីចុងឆ្នាំ២០១៤ កន្លងទៅបានសម្រេច «ទុកដីទំនាស់ទំហំ AB=CD= ១១,៥ម , AD=CD=១១,៥ម នៃភូមិសេប៉េសេ ប្រើប្រាស់ជាសមូហភាព»។
លោក ប៉ែន ប៊ុនអេង បាននិយាយបន្តទៀតថា ក្រោយការសម្រេចរបស់តុលាការកំពូល លោកបានដាក់ពាក្យបណ្ដឹងតវ៉ាចំពោះការអនុវត្តនេះ និង បានដាក់ពាក្យបណ្ដឹងសើរើទៅតុលាការកំពូល ដែលបច្ចុប្បន្នតុលាការកំពូល កំពុងដំណើរការនីតិវិធី។ ប៉ុន្ដែនៅចន្លោះពេលដែលតុលាការកំពូល កំពុងដំណើរការនីតិវិធី នោះ ឈ្មោះ ហ្គូវ ឆេងលុយ បាននិងកំពុងឃុបឃិតជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើប្លង់រឹងកាន់កាប់ដីទំនាស់នេះតែម្នាក់ឯង ។ លោកក៏មានការអាក់អន់ស្រពន់ចិត្តផងដែរ ដែលតុលាការកំពូល សម្រេចប្រគល់ដីទំនាស់នេះ ដែលលោកកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកធ្វើជាដីសមូហភាពរបស់ភូមិ ហើយបានសម្រេចឲ្យជនខិលខូច មានសិទ្ធិកាន់កាប់នេះទៀតផង។
ពាក់ព័ន្ធករណីនេះ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ កន្លងទៅ លោក ប៉ែន ប៊ុនអេង បានដាក់ពាក្យបណ្ដឹងតវ៉ាចំពោះការអនុវត្ត សាលដីកាលេខ ៦៥៧ (ញ) ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់តុលាការកំពូល ចូលទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុ ទប់ស្កាត់ការអនុវត្តនេះ។
ខ្លឹមសារនៃពាក្យបណ្ដឹងនេះ បានរៀបរាប់ថា ដីទំនាស់នេះមិនអាចប្រគល់ឲ្យជនណាម្នាក់ យកទៅប្រើប្រាស់ជាទ្រព្យសម្បត្តិឯកជនបានឡើយ ព្រោះថាអ្នកមានសិទ្ធិប្រើប្រាស់លើដីនេះ មិនមែនមានតែប្រជាពលរដ្ឋ១៣គ្រួសារនោះប៉ុណ្ណោះទេ ពោលគឺ ប្រជាពលរដ្ឋផ្សេងទៀត រួមទាំងលោក ប៉ែន ប៊ុនអេង ដែលរស់នៅភូមិនោះក៏មានសិទ្ធិប្រើប្រាស់ដែរ។ ប៉ុន្ដែផ្ទយទៅវិញ ឈ្មោះ ហ្គូវ ឆេងលុយ បានកាន់កាប់ និងចាត់ចែងក្នុងលក្ខណៈឯកជនទៅវិញ។
ពាក្យបណ្ដឹងបន្តថា បើពិនិត្យដោយលម្អិតលើសាលដីកា របស់តុលាការកំពូល មិនមានខ្លឹមសារណាមួយបានសម្រេច ថា ប្រគល់ដីទំនាស់ទៅឲ្យភាគីណាមួយនោះទេ។ លោក ប៉ែន ប៊ុនអេង ក៏បានស្នើឲ្យមានការលុបចោលការអនុវត្តនេះចោលជាអសារបង់ ដើម្បីបង្ហាញការគោរពយ៉ាងខ្ជាប់ខ្ជួន ចំពោះខ្លឹមសារនៃ សាលដីកាលេខ ៦៥៧ (ញ) ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់តុលាការកំពូល។
ពាក់ព័ន្ធករណីនេះ ពុំទាន់អាចទាក់ទងសុំការបំភ្លឺ ពីភាគីម្ចាស់បំណុល ហ្គូវ ឆេងលុយ បាននៅឡើយទេ៕