(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានឯកភាពផ្តល់ថវិកាសរុប ៩៦៨,៣៩០ដុល្លារអាមេរិក ដល់អង្គការចំនួន២ របស់កម្ពុជា សម្រាប់ពង្រឹងប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ និងការលើកកម្ពស់ការអប់រំបញ្ចូលគ្នា ក្នុងខេត្តកណ្តាល ក្រោយគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអង្គការក្រៅរាជរដ្ឋាភិបាលជប៉ុន។
ពិធីចុះកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំង២។
គម្រោងបែបផ្ដល់ជំនួយ ដោយរដ្ឋាភិបាលជប៉ុននេះរួមមាន៖
* ទី១៖ គម្រោងសល្យសាស្ត្រកុមារ ប្រចាំខេត្តក្រចេះ (ឆ្នាំទី២) នូវថវិកាចំនួន ៦៩៤,៥៣៩ដុល្លារអាមេរិក អង្គភាពទទួលជំនួយ អង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។
នៅក្នុងគម្រោងនេះ អង្គការ FIDR មានគោលបំណងលើកកម្ពស់ប្រព័ន្ធថែទាំផ្នែកវះកាត់កុមារ ក្នុងខេត្តក្រចេះ តាមរយៈការបណ្តុះបណ្តាលបុគ្គលិកពេទ្យនៃមន្ទីរបង្អែកខេត្ត មណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តសុខភាពភូមិនៅក្នុងខេត្តក្រចេះ។ ដើម្បីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាកម្មរបស់គាត់ និងបង្កើតកន្លែងព្យាបាលដែលមានសុវត្ថិភាព FIDR ក៏នឹងសាងសង់អគារវះកាត់សម្រាប់អ្នកជំងឺ ជាពិសេសអ្នកជំងឺជាកុមារដែលរួមទាំងទារកទើបនឹងកើត។
* ទី២៖ សម្រាប់គម្រោងលើកកម្ពស់ការអប់រំបរិយាប័ន្ន សម្រាប់កុមារពិការតាមរយៈពង្រឹងការអនុវត្តក្នុងតំបន់គំរូ និងការអភិវឌ្ឍប្រព័ន្ធវាយតម្លៃ ការអប់រំបរិយាប័ន្ន (ឆ្នាំទី២) នូវថវិកាចំនួន ២៧៣,៨៥១ដុល្លារអាមរិក។ អង្គភាពទទួលជំនួយ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan)។
នៅក្នុងគម្រោងនេះ អង្គការ AAR Japan នឹងបង្កើតនូវប្រព័ន្ធវាយតម្លៃលើការអប់រំបរិយាប័ន្ន និងការអនុវត្តសកម្មភាព ដើម្បីគាំទ្រដល់ការបង្កើតសមត្ថភាពរបស់គណៈកម្មការគាំទ្រជនពិការភាពថ្នាក់រដ្ឋបាលឃុំ។ តាមរយៈគម្រោងនេះបរិយាកាសសិក្សា និងគុណភាពនៃការអប់រំសម្រាប់កុមារដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជាទាំងមូលនឹងត្រូវបានកែលម្អ។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៤១លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៣០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពសម្អាតមីន ក្នុងប្រទេសកម្ពុជា។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងថា តាមរយៈការសង្កេតឃើញថ្មីៗនេះ ប្រទេសកម្ពុជាបាននឹងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ប៉ុន្តែ នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អនូវគុណភាពជីវភាពរស់នៅរបស់ប្រជាជនដូចជា៖ ការបោសសម្អាតមីន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍសង្គមរួមទាំងបរិស្ថានជំវិញ សុខាភិបាល និងការអប់រំ។ ប្រទេសជប៉ុន នឹងបន្តសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ៕